ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនខ្លួនស្រ្តីម្នាក់​ ជា​បុគ្គលិកក្រុមហ៊ុនកម្ចីតាមអនឡាញ វ៉ង់ វ៉ង់ ដែលមិនមានច្បាប់អនុញ្ញាត្ត ទៅតុលាការ​ ក្រោយទារប្រាក់ពីអតិថិជន និងទម្លាក់លុយឱ្យអតិថិជនខ្ចី

ចែករំលែក៖

ភ្នំពេញ​៖​ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ នៃក្រសួងមហាផ្ទៃ​ នៅព្រឹក​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០២៤នេះ​ បានបង្ហាញមុខ​ស្រ្តី​ម្នាក់​ ជា​បុគ្គលិកក្រុមហ៊ុនកម្ចីតាមអនឡាញ វ៉ង់ វ៉ង់ ដែលមិនមានច្បាប់អនុញ្ញាត្ត ជាសាធារណៈ​និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់​ ក្រោយឃាត់ខ្លួន​យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​។ 

ប្រភពដដែលបន្តថា​ ដោយមានការឯកភាពពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា​ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤​ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ នន់ កុសល់ ភេទស្រី អាយុ ៤០ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនកម្ចីតាមអនឡាញ វ៉ង់ វ៉ង់ ដែលមិនមានច្បាប់អនុញ្ញាត្ត មានតួនាទីជាអ្នកទារប្រាក់ពីអតិថិជន និងទម្លាក់លុយឲ្យអតិថិជនខ្ចី។

បច្ចុប្បន្ននាយកដ្ឋានបានបញ្ជូនសំណុំរឿងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់នីតិវិធីបន្ត។

ជាមួយគ្នានេះ​ នាយកដ្ឋាន​សូម​បន្ត​​ក្រើន​រំលឹក​​សាធារណៈ​ជន​ទាំង​អស់​ថា​ ការ​ផ្តល់​កម្ចី​ជា​អាជីវកម្ម​ជូន​ប្រជា​ពលរដ្ឋ​ដោយ​គ្មាន​ការ​អនុញ្ញាត​ គឺ​ជាអំពើខុស​ច្បាប់មានចែងក្នុងមាត្រា៥១ នៃច្បាប់​ស្តី​ពី​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញ​វត្ថុ​ ដែល​អាច​ឈាន​ទៅ​ដល់​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​។ ចំពោះទំនាក់ទំនងសិទ្ធិលើបំណុល​ម្ចាស់​បំណុល​នៅ​តែ​មាន​សិទ្ធិ​ប្តឹងទាមទារ​បំណុល​ពី​កូន​បំណុល​ស្រប​តាម​នីតិ​វិធី​នៃ​ច្បាប់​ទៅកាន់ស្ថាប័នតុលាការ។ 

ហេតុ​ដូច្នេះ​សូម​សាធារណ:ជន ជៀស​វាង​ការ​​កម្ចី​ប្រាក់​ក្រៅ​ប្រព័ន្ធ​ដែល​ធ្វើ​ឲ្យ​មាន​ហានិភ័យ​ខ្ពស់​ដល់សេដ្ឋកិច្ចគ្រួសារ និងឈានដល់ការរងនូវការបរិហាកេរ្តិ៍គ្រប់រូបភាពពីសំណាកក្រុមកម្ចីខុសច្បាប់ទាំងនោះ៕

ដោយ​៖ តារា​


ចែករំលែក៖