ភ្នំពេញ ៖ ក្រសួងព័ត៌មានធ្វើសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ បើកជាផ្លូវការនៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ អង្គសន្និបាតរយៈពេល ២ ថ្ងៃនេះនឹងមានការធ្វើបទបង្ហាញពីថ្នាក់ដឹកនាំ និងអគ្គនាយកនៃអគ្គនាយកដ្ឋានទាំង ៥ ចំណុះក្រសួងព័ត៌មានរួមមាន អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ, អគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍, អគ្គនាយកដ្ឋានវិទ្យុជាតិ , អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និងអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា ដើម្បីពិនិត្យនិងវាយតម្លៃលើសមិទ្ធផលនានា ដែលសម្រេចបាននាពេលកន្លងមក និងចូលរួមពិភាក្សា ផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធល្អៗ ដើម្បីរិះរកដំណោះស្រាយសមស្រប ចំពោះបញ្ហាប្រឈមនានា និងបានដាក់ចេញនូវទិសដៅការងារសម្រាប់ការអនុវត្តបន្តសំដៅលើកកម្ពស់វិស័យព័ត៌មាននិងសោតទស្សន៍នៅកម្ពុជាឱ្យកាន់ តែប្រសើរឡើងថែមទៀតក្នុងឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។
លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានប្រកាសចេញផ្សាយឡើងវិញ “កាសែតកម្ពុជា” «Kampuchea » ជាភាសាខ្មែរ និងភាសាអង់គ្លេស។ ការប្រកាសចេញផ្សាយឡើងវិញ “កាសែតកម្ពុជា” របស់ លោក រដ្ឋមន្រ្តី នេត្រ ភក្ត្រា ធ្វើឡើងក្នុងឱកាសបើក សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នាសាលប្រជុំចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន រយៈពេល ២ថ្ងៃ។
“កាសែតកម្ពុជា” គិតមកដល់ពេលនេះ មានអាយុកាល ៤៥ឆ្នាំ ហើយត្រូវបានខកខានចេញ ផ្សាយមួយរយៈ តែពេលនេះ “កាសែតកម្ពុជា“ នឹងប្រែខ្លួនស្របតាមបរិបទ ឌីជីថល ដោយត្រូវផ្សាយដោយការបោះពុម្ពផង និងអេឡិចត្រូនិចផង ជាភាសាខ្មែរ និងភាសាអង់គ្លេស៕
ដោយ ៖ សិលា