ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា លោកបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម និងលោក វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ប្រជុំក្រុមការងារនៃក្រសួងទាំងពីរ ដោយបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិវឌ្ឍផលិតកម្មកសិកម្ម និងទីផ្សារជូនកសិករ និងអ្នកពាក់ព័ន្ធ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤នេះ។
កិច្ចប្រជុំនេះធ្វើឡើងនៅក្រសួងពាណិជ្ជកកម្ម ក្រោមអធិបតីភាព លោកបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារ និងលោក វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារ។
នៅក្នុងអង្គប្រជុំនោះ តំណាងក្រសួងទាំងពីរបានពិភាក្សាលើចំណុចសំខាន់មួយចំនួន រួមមាន ការបង្កើតក្រុមការងារមួយក្រសួងពាណិជ្ជកម្ម ដើម្បីចូលរួមអនុវត្តន៍កម្មវិធីគោលនយោបាយអាទិភាពទី៥ របស់រដ្ឋាភិបាល។
មិនត្រឹមតែប៉ុណ្ណោះ ក្រសួងទាំងពីរ បានឯកភាពគ្នាលើការបែងចែកភារកិច្ច និងការទទួលខុសត្រូវ ក្នុងខ្សែច្រវាក់ផលិតកម្ម ទីផ្សារ និងថ្លៃកសិផល រួមទាំងរៀបចំឱ្យមានកិច្ចប្រជុំក្រុមការងារចម្រុះ ដោយត្រូវអញ្ជីញអភិបាលរងខេត្តទទួលបន្ទុកិច្ចការនេះ និងមន្ទីរពាក់ព័ន្ធទាំង២ មកចូលរួម ដើម្បីរៀបចំក្រុមការងារចម្រុះនៅតាមខេត្តជាដើម។
បន្ថែមពីនេះ អង្គប្រជុំបានពិភាក្សាលើស្ថានភាពផលិតកម្មដំណាំស្រូវ ការប្រមូលទិញស្រូវ ការរក្សាទុក ការកែច្នៃការនាំចេញអង្ករ សន្តិសុខស្បៀង ការបែងចែកការងារអនុវត្តបន្ត និងរៀបចំឱ្យមានក្រុមការងារពិសេសមួយ ដើម្បីពិនិត្យនិងពិគ្រោះយោបល់ សំដៅរកវិធីសាស្ត្រលើកកម្ពស់ការប្រើប្រាស់ប្រភេទពូជស្រូវក្នុងស្រុកផងដែរ៕
ដោយ៖ តារា