ម្ចាស់ពានរង្វាន់ Ballon d’Or ៨សម័យកាល Lionel Messi និងមិត្តរួមក្រុម Angel di Maria គ្រោងនឹងលេងឲ្យក្រុមជម្រើសជាតិអាហ្សង់ទីន ក្នុងព្រឹត្តិការណ៍អូឡាំពិករដូវក្តៅឆ្នាំ២០២៤ ដែលធ្វើឡើងនៅទីក្រុងប៉ារីសប្រទេសបារាំង ដែលគ្រោងចាប់ផ្តើមពីខែកក្កដា ដល់ខែសីហា ឆ្នាំ២០២៤ខាងមុខ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន DSports បានឲ្យដឹងថា ក្រៅពី Lionel Messi ខ្សែប្រយុទ្ធស្លាប Angel di Maria ដែលគ្រោងនឹងបញ្ចប់អាជីពជាមួយក្រុមជម្រើសជាតិនៅឆ្នាំនេះ ក៏គ្រោងនឹងចូលរួមក្នុងការប្រកួតជ្រើសរើសជើងឯកកីឡាអូឡាំពិកឆ្នាំនេះដែរ។
លោក Javier Mascherano ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិ U-22 អាហ្សង់ទីន បានបញ្ចេញមតិយោបល់ទាក់ទងនឹងរឿងនេះដែរថា “Messi និង Di Maria ទទួលបានសិទ្ធិក្នុងការជ្រើសរើស ប្រសិនបើពួកគេចង់លេងនៅក្នុងការប្រកួតកីឡាអូឡាំពិកពួកគេអាចធ្វើដូច្នេះបាន”។យោងតាមបទប្បញ្ញត្តិនៃការប្រកួតអូឡាំពិកផ្នែកកីឡាបាល់ទាត់ មានតែកីឡាករ៣នាក់ប៉ុណ្ណោះ ដែលមានអាយុលើសពី២៣ឆ្នាំនៅក្នុងក្រុមជម្រើសជាតិនីមួយៗដែលអាចចូលលេងបាន។ កីឡាអូឡាំពិកដែលរៀបចំឡើងនៅទីក្រុងប៉ារីស នឹងប្រព្រឹត្តទៅដោយចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហាឆ្នាំ២០២៤ ៕
ដោយ៖ ភារៈ(រូបភាព ៖ DSports)