ព័ត៌មានទាន់ហេតុការណ៍៖

អូស្រ្តាលីត្រៀមខ្លួនសម្រាប់ទប់ទល់ព្យុះទី២ ក្នុងចន្លោះពេលត្រឹមតែមួយខែ

ចែករំលែក៖

សារព័ត៌មាន AFP នាថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០២៤បានផ្សាយថា អាជ្ញាធរឧតុនិយមនៃប្រទេសអូស្រ្តាលីបានឱ្យដឹងនៅថ្ងៃអង្គារនេះថា ប្រព័ន្ធអាកាសធាតុមួយនៅឯសមុទ្រ Coral ទំនងជានឹង​វិវត្តទៅជាព្យុះស៉ីក្លូន ហើយបោកបក់មកលើភាគឦសានអូស្រ្តាលីក្នុងសប្តាហ៍នេះ ពោលគឺរយៈពេលមួយខែបន្ទាប់ពីព្យុះស៉ីក្លូនមួយទៀត ឈ្មោះថា Jasper បានបង្កការបំផ្លិចបំផ្លាញនៅពាសពេញតំបន់នោះ។
ទីភ្នាក់ងារឧតុនិយមអូស្រ្តាលី បានប្រកាសថា ប្រព័ន្ធអាកាសធាតុខាងលើ ដែលស្ថិតនៅចម្ងាយ៨០០គីឡូម៉ែត្រ ពីឆ្នេររដ្ឋ Queensland អាចនឹងកើនថាមពលក្លាយទៅជាព្យុះស៉ីក្លូនកម្រិត៣ ដែលនៅក្រោមកម្រិតគ្រោះថ្នាក់បំផុត២លេខ ហើយនាំមកនូវការធ្លាក់ភ្លៀងខ្លាំងនិង​គ្រោះទឹកជំនន់ដែលគំរាមកំហែងដល់អាយុជីវិត។ បើតាមទីភ្នាក់ងារដដែល វាទំនងនឹងក្លាយជាព្យុះស៉ីក្លូននៅយប់ថ្ងៃអង្គារនេះ ឬមួយ​អំឡុងថ្ងៃពុធសប្តាហ៍នេះ ហើយប្រហែលមកដល់ឆ្នេរអូស្រ្តាលីនៅខ្ទង់ថ្ងៃព្រហស្បតិ៍ឬក៏ថ្ងៃសុក្រ។

គួរបញ្ជាក់ថា ព្យុះខាងលើអាចនឹងចុះខ្សោយថាមពលទៅវិញ ក្រោយពីវាបោកបក់មកដល់ដីគោក ប៉ុន្តែតំបន់មួយចំនួននៅប្រទេសអូស្រ្តាលីត្រូវបានព្យាករថា នឹងនៅបន្តទទួលរងភ្លៀងធ្លាក់ខ្លាំងនាអំឡុងចុងសប្តាហ៍នេះ ហើយឆ្លងដល់ដើមសប្តាហ៍ក្រោយ។ ចំណែកកាលពីខែធ្នូ ឆ្នាំមុនវិញ ព្យុះស៉ីក្លូនឈ្មោះ Jasper បានបន្សល់ទុកនូវស្លាកស្នាមនៃការបំផ្លិចបំផ្លាញនៅពេញតំបន់ភាគខាងជើងនៃរដ្ឋ Queensland ដោយបានបង្ខំ​ឱ្យប្រជាជនជាច្រើននាក់ត្រូវជម្លៀសខ្លួនពីលំនៅឋាន ហើយកាត់ផ្តាច់តំណភ្ជាប់រវាងទីក្រុង៕ ដោយ៖ ធីរីណា

រូប​ថត​៖ TTXVN-VNA


ចែករំលែក៖