ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំកិច្ចប្រជុំគណៈ កម្មាធិការជាតិសន្តិសុខលម្ហរសមុទ្រ នៅបញ្ជាការដ្ឋានកងទ័ពជើងទឹក

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ នៅបញ្ជាការដ្ឋានកងទ័ពជើងទឹក គណៈកម្មាធិការជាតិសន្តិសុខលម្ហរសមុទ្រ បានបើកកិច្ចប្រជុំពេញអង្គរបស់គណៈកម្មាធិការជាតិសន្តិសុខលម្ហរសមុទ្រដើម្បីត្រួត ពិនិត្យសមិទ្ធផលការងារឆ្នាំ២០២៣ និងគោលការណ៍ ៦ចំណុចដែលត្រូវអនុវត្តក្នុងឆ្នាំ២០២៤ និងឆ្នាំបន្ត បន្ទាប់ទៀត ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិសន្តិសុខលម្ហរសមុទ្រ ។

នាយឧត្តមសេនីយ៍ ទៀ សីហា មានប្រសាសន៍ថា កិច្ច ប្រជុំពេញអង្គរបស់គណៈកម្មាធិការជាតិសន្តិសុខលម្ហរ សមុទ្រលើកទី១ នៅក្នុងរាជរដ្ឋាភិបាលថ្មីអណត្តិទី៧  នាពេលនេះនឹងប្រកាសអនុក្រឹត្យស្តីពី ការកែសម្រួលសមាសភាពថ្មីគណៈកម្មាធិការជាតិសន្តិសុខលម្ហរសមុទ្រ និងកែសម្រួលសមាសភាពថ្មីក្រុមការងារបច្ចេកទេសថ្មីរបស់គណៈកម្មាធិការជាតិសន្តិសុខលម្ហរ សមុទ្រ ដើម្បីបង្កើនប្រសិទ្ធភាព អនុវត្តផែនការសកម្ម ភាព ៦ចំណុច សម្រាប់កិច្ចការការពារសន្តិសុខការពារកោះឆ្នេរនានាក៏ដូចពិនិត្យសភាពការណ៍ សន្តិសុខ ការ ពារហេដ្ឋារចនាសម្ព័ន្ធអណ្តូងប្រេងប្លុក អេ ( A) ក្នុងដែនសមុទ្រកម្ពុជាផងដែរ ។

នៅក្នុងឱកាសនោះដែរ កិច្ចប្រជុំបានពិភាក្សាធ្វើបច្ចុប្បន្ន ភាពការកសាងភាពដៃគូរវាងរដ្ឋបាលខេត្តទាំង៤ នៅតាមតំបន់កោះឆ្នេរ និងក្រុមហ៊ុន GTVC ជាមួយបណ្តាទីស្នាក់ការសន្តិសុខទីបញ្ជាការជួរមុខនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសន្តិសុខលម្ហរសមុទ្រ និងការធ្វើបច្ចុប្បន្នភាព ចុះផ្ទៀងផ្ទាត់ រាប់ចំនួនកោះនៅតាមបណ្តាពែ្រកជាប់មាត់សមុទ្រ។

កិច្ចប្រជុំក្នុងឱកាសនោះក៏បានពិភាក្សាពិនិត្យឆ្លងសេចក្តី ព្រាងគោលនយោបាយជាតិ ស្តីពីសន្តិសុខលម្ហរសមុទ្រឆ្នាំ២០២៤ និងពិនិត្យវឌ្ឍនភាព កិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការជាតិសន្តិសុខលម្ហរសមុទ្រ និងឆ្មាំសមុទ្រចិន ការពិនិត្យសម្រេចលើផែនការធ្វើលំហាត់សមយុទ្ធមហារំអិលឆ្នាំ២០២៤ ជាដើម៕

ដោយ៖ សូរិយា


ចែករំលែក៖