ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់អោយដឹងថា ៖ កន្លងទៅថ្មីៗនេះ មានការចែកចាយនូវវីដេអូឃ្លីបមួយ បង្កឱ្យមានការយល់ច្រឡំថា៖ មានរថភ្លើងរត់នៅលើតួផ្លូវជាតិលេខ៣១ ផ្ទាល់ ដែលធ្វើឱ្យមានការលេីកឡើងជាសាធារណៈនូវការវិភាគក្នុងទិដ្ឋភាពផ្សេងៗគ្នា។ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូនថា ផ្លូវដែកនៅក្នុងវីដេអូឃ្លីបនោះ ជាផ្លូវដែកភាគខាងត្បូង ដែលមានផ្នែកខ្លះបានរត់កាត់ផ្លូវជាតិលេខ៣១ ពោលគឺ រថភ្លើងមិនមែនរត់នៅលើផ្លូវថ្នល់ផ្ទាល់នោះឡើយ។
>>> សូមស្តាប់ប្រសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងនៅក្នុងពិធីបិទសន្និបាត បូកសរុបការងាររបស់ក្រសួងព័ត៌មាន នារសៀលថ្ងៃទី២៣ មករា ២០២៤ ដែលបានជូនភ្ជាប់ក្នុងវីដេអូនេះ។
ឆ្លៀតក្នុងឱកាសនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមធ្វើការក្រើនរម្លឹកដល់អ្នកបើកបរទាំងអស់ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវថ្នល់ ដែលមានផ្លូវដែកឆ្លងកាត់ ត្រូវមានការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់៖
– ត្រូវបន្ថយល្បឿននៅពេលជិតដល់ទីតាំងដែលមានផ្លូវរថភ្លើងឆ្លងកាត់
– មិនត្រូវបើកបរកាត់ផ្លូវរថភ្លើង ខណៈដែលរបាំង បានបិទ កំពុងបិទ ឬកំពុងបើក នោះឡើយ
– ត្រូវឈប់យ៉ាងតិច ២ម៉ែត្រ ពីរបារ ឬរបាំង
– ត្រូវគោរព និងស្តាប់តាមការណែនាំរបស់ឆ្មាំផ្លូវរថភ្លើង
– និងត្រូវគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន។
សូមជម្រាបជូនថា៖ បច្ចុប្បន្នផ្លូវជាតិលេខ៣១ ដែលមានប្រវែងសរុបជិត ៥៤គីឡូម៉ែត្រ ចាប់ពីបែកគុស (ចំណុចប្រសព្វផ្លូវជាតិលេខ៣) ទៅដល់ទីរួមស្រុកកំពង់ត្រាច (ចំណុចតភ្ជាប់ទៅ ផ្លូវជាតិលេខ៣៣) កំពុងដំណើរការស្តារ និងលើកកម្រិតគុណភាព បន្ទាប់ពីបើកការដ្ឋានកាលពីខែធ្នូ ឆ្នាំ២០២២ កន្លងទៅ និងគ្រោងបញ្ចប់នៅកំឡុងឆមាសទី២ ឆ្នាំ២០២៤ ខាងមុខនេះ។ ក្នុងដំណាក់កាលនៃការស្ថាបនានេះ សូមបងប្អូនប្រជាពលរដ្ឋ មានការយោគយល់អធ្យាស្រ័យ ចំពោះការរំខានដោយប្រការណាមួយ និងបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីសុខសុវត្ថិភាពទាំងអស់គ្នាក្នុងពេលធ្វើដំណើរ៕
ដោយ ៖ សិលា