ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ៍ឯក ជា ពៅ៖​ អគ្គស្នងការដ្ឋាននគរបាលជាតិ បង្កើតប្រព័ន្ធដាក់ពាក្យប្តឹងតាមអនឡាញ លើករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ចែករំលែក៖

ភ្នំពេញ​៖​ បេីតាមការ​បញ្ជាក់ពី​លោកឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការ​រងនគរបាលជាតិ​ បានថ្លែង​ឱ្យ​ដឹង​នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះថា៖​ អគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងដំណើរការលើប្រព័ន្ធទទួល និងដាក់​ពាក្យ​បណ្តឹង​តាម​អនឡាញ​លើករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

លោកឧត្តមសេនីយ៍ឯក ជា ពៅ បានថ្លែងបន្តថា​ ជាក់ស្ដែងយោងតាមសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ កាល​ពី​ចុង​ខែធ្នូ ឆ្នាំ២០២៣កន្លងទៅនេះ​ ដែលរៀបចំឱ្យបង្កើតការទទួលពាក្យបណ្តឹងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយ​ប្រែ​ក្លាយពីប្រព័ន្ធពាក់កណ្តាលស្វ័យប្រវត្តិមកជាប្រព័ន្ធស្វ័យប្រវត្តិទាំងស្រុង ដើម្បី​ឱ្យស្រប​តាម​យុទ្ធ​សាស្រ្តបញ្ចកោណដំណាក់កាលទី១។ អគ្គស្នងការ​រងរូបនេះ​ បន្ថែម​ថា ការបង្កើត​ឱ្យមាន​ការ​ទទួល​ពាក្យ​បណ្តឹងតាមប្រព័ន្ធអនឡាញនេះ គឺប្រជាពលរដ្ឋគ្រប់ទីកន្លែងមិនថាក្នុងប្រទេស ឬ​ក្រៅ​ប្រទេសអាចដាក់ពាក្យបណ្តឹងបានឱ្យតែករណីទាំងនោះជាបទល្មើសកើតឡើងនៅកម្ពុជា។

លោកឧត្តមសេនីយ៍ឯក ជា ពៅ​ បានគូសបញ្ជាក់ថា គោលដៅនៃ​ការ​ទទួល​ពាក្យ​បណ្តឹង​តាម​ប្រព័ន្ធ​អនឡាញ​ធ្វើ​ឡើង​ស្រប​តាមការវិវឌ្ឍន៍បច្ចេកវិទ្យា ដើម្បីសម្រួលដល់ការជួយសង្គ្រោះប្រជាពលរដ្ឋ ហើយ​មាន​ល្បឿន​លឿន​ដល់ការស្រាវជ្រាវ និងផ្តល់ទំនុកចិត្តជូនប្រជាពលរដ្ឋ ក៏ដូចជាជនរងគ្រោះ។

លោកអគ្គស្នងការ​រង បានអះអាងថា ដើម្បីផ្តល់ប្រសិទ្ធភាពលើការងារខាងលើ ការ​ទទួល​ពាក្យ​បណ្តឹ​ង​លើអនឡាញនេះត្រូវបានដាក់ចេញនូវបទបញ្ជា និងគោល​ការណ៍​ដល់​មន្រ្តី​ទទួ​ល​បន្ទុក​យ៉ាង​ច្បាស់លាស់ ដោយគ្រប់ពេល​វេលា​ដែល​មាន​ប្រជាពលរដ្ឋ​ជួប​ប្រទះ​បញ្ហា​ប្រឈម​ដោយ​សារ​បទ​ល្មើសឆបោកនឹងមានមន្រ្តីទទួលហើយចាត់វិធានការទៅតាមនីតិវិធីជូនប្រជាពលរដ្ឋ។

បន្ថែម​ពីនេះ​ លោកអគ្គស្នងការរងរូបនេះ​ បានសង្កត់ធ្ងន់ថា​ បន្ទាប់ពីបង្កើតការទទួលពាក្យបណ្តឹងតាមអនឡាញ អគ្គស្នង​ការ​ដ្ឋាន​នគរបាលជាតិ បានគិតគូរពីផែន​ការ​បន្ទាប់​លើ​ការ​ប្រឆាំង​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ឲ្យ​ស្របទៅតាមសម័យកាល ដោយជំហានបន្ទាប់នឹងរៀបចំឲ្យមានជាភាសាបរទេស គឺ​ភាសា​ចិន និងភាសាអង់គ្លេសនាពេលឆាប់ៗខាងមុខ។​ លោកឧត្តមសេនីយ៍ឯក បន្ថែមថា ការរៀបចំ​ឲ្យ​មាន​ប្រសិទ្ធភាព​លើ​ការងារ​ប្រឆាំង​នឹង​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា នឹងបន្តឥតឈប់​ឈរ​ប្រសិន​សម័យ​កាល​វិវឌ្ឍន៍​របស់​បច្ចេក​វិទ្យា​កាន់​តែ​ជឿនលឿន ដោយអគ្គស្នងការដ្ឋាន​នគរបាល​បាន​កំណត់​ពង្រឹង​ថែម​ទៀត​លើ​ធនធាន​មនុស្ស បច្ចេកវិទ្យា និងសុវត្ថិភាព៕

ដោយ​៖ តារា​


ចែករំលែក៖