ខេត្តស្វាយរៀង៖ មន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀង និងសាលាគណខេត្តស្វាយរៀង នាថ្ងៃទី២៥ខែមករាឆ្នាំ២០២៤ បានរៀបចំពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលេីកទី៣១ ប្រគេនដល់ព្រះមន្ត្រីសង្ឃ ព្រះគ្រូចៅអធិការវត្តទាំង២គណៈ លោកអាចារ្យ-គណៈកម្មការគ្រប់វត្តទូទាំងខេត្តស្វាយរៀង។
ពិធីបើក បានប្រព្រឹត្តទៅក្រោមព្រះអធិបតីភាពសម្តេចព្រះមហារិយវង្សបណ្ឌិត យ៉ន សេងយៀត ព្រះអនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក និងជាព្រះសាកលវិទ្យាធិការរង នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្ត្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងបានអញ្ជើញធ្វើបទបង្ហាញស្តីពីការផ្សះផ្សា សម្រុះសម្រួលដោះស្រាយទំនាស់ ដែលកើតមានក្នុងវិស័យព្រះពុទ្ធសាសនា ពីលោក បណ្ឌិត ប៉ុល លឹម សមាជិកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។
និងពិធីបិទ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ហង្ស ចាន់ព្រីដា រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា តំណាងដ៏ខ្ពង់ខ្ពស់ លោក បណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ដោយមានការអញ្ជើញជាព្រះអធិបតីពីសម្តេចព្រះមហារិយវង្សបណ្ឌិត យ៉ន សេងយៀត ព្រះអនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក និងជាព្រះសាកលវិទ្យាធិការរងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្ត្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាគណៈអធិបតីពីលោក ម៉ែន កល្យាណ អភិបាលរងខេត្ត តំណាងលោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ស្ថិតនៅសាលាគណខេត្ត ស្ថិតនៅវត្តជម្ពូព្រឹក្សា ភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។
ពិធីនេះផងដែរក៏មានការនិមន្ត និងអញ្ជើញចូលពីព្រះរាជាគណៈ ព្រះមេគណខេត្ត ព្រះមន្ត្រីសង្ឃគ្រប់ឋានុក្រម ព្រះគ្រូចៅអធិការវត្ត សមណសិស្ស ព្រមទាំងតំណាងកងកម្លាំងខេត្តទាំង៣ លោក លោក ស្រីប្រធានមន្ទីរ អង្គភាពនានាជាវិញខេត្ត អភិបាល អភិបាលរងក្រុង ស្រុកទាំង៨ មេឃុំចៅសង្កាត់ទាំង៨០ មន្ត្រីរាជការ លោកគ្រូអាចារ្យ គណៈកម្មការវត្តទូទាំងខេត្ត សរុបចំនួន៧៩៤អង្គ-នាក់ ក្នុងនោះព្រះសង្ឃ៣៨៨អង្គ។
ក្នុងឱកាសនោះ ដែរ លោក ហង្ស ចាន់ព្រីដា រដ្ឋលេខាធិការតំណាង លោកបណ្ឌិត ចាយ បូរិន រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា ក៏បានធ្វើការ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ទីរធម្មការ និងសាលាគណៈខេត្ត ដែលបានរៀបចំមហាសន្និបាតផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសនេះ ក្នុងគោលបំណងថែរក្សាកិត្យានុភាព សេចក្តីថ្លៃថ្នូរនៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឱ្យកាន់តែមានភាពទាក់ទាញ និងជំនឿជឿជាក់ពីសំណាក់ពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាននានាទ្វេរឡើងបន្ថែមទៀត ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជាផងដែរ។
ក្នុងឱកាសបិទនៃអង្គពិធីនេះ លោក ម៉ែន កល្យាណ អភិបាលរងខេត្ត បាននាំថវិកា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិសង្គហណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន៥.០០០.០០០រៀល និងថវិការបស់លោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ចំនួន៥.០០០.០០០រៀល ដើម្បីឧបត្ថម្ភការរៀបចំដំណើរការផ្សព្វផ្សាយខ្លឹមសាអនុសំវច្ឆរមហាសន្និបាត។
លោក ហង្ស ចាន់ព្រីដា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បាននាំថវិការបស់លោក បណ្ឌិត ចាយ បូរិន និងលោកស្រីចំនួន២.០០០.០០០រៀល ដើម្បីឧបត្ថម្ភក្នុងរៀបចំដំណើរការពិធីផ្សព្វផ្សាយអនុសំវច្ឆរមហាសន្និបាតនេះផងដែរ ៕
ដោយ៖ សុថាន