ព័ត៌មានទាន់ហេតុការណ៍៖

ផ្តន្ទាទោសស្រីស្អាត ម៉ន សូលីដែត ដាក់ពន្ធនាគារ ២ឆ្នាំ តម្រូវឱ្យសងប្រាក់ទៅដើមបណ្តឹងជិត៣០ម៉ឺនដុល្លារ ពិន័យ១៦ លានរៀល

ចែករំលែក៖

ភ្នំពេញ ៖ នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសលើសំណុំរឿង រំលោភលើទំនុកចិត្ត ក្រោមរូបភាពបញ្ចុះបញ្ចូលធ្វើមន្តអាគម យកមាស និងប្រាក់ដុល្លារពិតប្រាកដ ពេលប្រគល់មកវិញជារបស់ក្លែងក្លាយ ដែលសាលក្រមបានផ្តន្ទាទោសជនជាប់ចោទដាក់ពន្ធនាគារកំណត់២ ឆ្នាំ តម្រូវឲ្យសងប្រាក់ទៅដើមបណ្តឹងរដ្ឋប្បវេណីចំនួន ២៨៩.១៧៩ ដុល្លារអាមេរិក និងពិន័យចូលរដ្ឋចំនួន ១៦ លានរៀល ។ សាលក្រមបានទុកសិទ្ធិឲ្យប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ បើសិនភាគីណាមួយកើតទុកមិនសុខចិត្តចំពោះការកាត់ក្តីនេះ ។ 

 សូមជម្រាបថា កាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿង ឆបោក (រំលោភលើទំនុកចិត្ត) មួយករណី មកបើកសវនាការជាសាធារណៈ ដើម្បីផ្តន្ទាទោសលើជនជាប់ចោទ ដែលសវនាការនោះដឹកនាំដោយលោក ហុក ពៅ ចៅក្រមជំនុំជម្រះ និងលោក ស៊ីន រក្សា ព្រះរាជអាជ្ញារង ជាតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ នៅចំពោះមុខអង្គសវនាការមានជនជាប់ចោទឈ្មោះ ម៉ន សូលីដែត ភេទស្រី អាយុ៣០ ឆ្នាំ មុខរបរ ជាអាជីវករ អមមេធាវីការពារក្តី រីឯដើមបណ្តឹងរដ្ឋប្បវេណីមានឈ្មោះ វ៉ា សូលីដា ភេទស្រី អាយុ ៣១ ឆ្នាំ មុខរបរ អ្នករកស៊ី (ដើមបណ្តឹង និងជនជាប់ចោទត្រូវជាបងថ្លៃ និងប្អូនថ្លៃ) ។ សវនាការបានសាកសួរដេញដោលទៅលើជនជាប់ចោទ និងដើមបណ្តឹងរដ្ឋប្បវេណី ដែលមានមេធាវីការពារក្តីរៀងខ្លួនរហូតដល់ទីបញ្ចប់ ទើបចៅក្រមជំនុំជម្រះបានលើក ពេលប្រកាសសាលក្រម ផ្តន្ទាទោសលើជនជាប់ទៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នេះ ។ ប៉ុន្តែអ្វីដែលសាធារណៈមានការចាប់ អារម្មណ៍នៅក្នុងអង្គសវនាការនោះ គេពិនិត្យឃើញជនជាប់ចោទពាក់ព័ន្ធករណី ឆបោក ដែលមានទំហំទឹកប្រាក់ជិតកន្លះលានដុល្លារអាមេរិក បែរជាបង្ហូរទឹកភ្នែកឲ្យគេអាណិត ព្រមទាំងបានសំណូមពរឲ្យតុលាការដោះលែងរូបគេនៅក្រៅឃុំ ដើម្បីមានឱកាសរកប្រាក់សងដើមបណ្តឹងវិញ ។ តែការសំណូមពរនេះត្រូវបានជនរងគ្រោះប្រឆាំងដាច់អហង្កាមិនយល់ស្របឡើយ ដោយយោងទៅលើហេតុផលច្រើនយ៉ាង ដែលជនជាប់ចោទមានល្បិចគេចវេសតាំងពីមិនទាន់ត្រូវបានចាប់ខ្លួន ។ ទាក់ទិននិងអង្គហេតុក្នុងសំណុំរឿង.រំលោភទំនុកចិត្ត ដែលតុលាការបានលើកយកមកបើកសវនាការពេលនេះ ត្រូវបានគេដឹងថា ជនរងគ្រោះឈ្មោះ វ៉ា សូលីដា និងជនជាប់ ចោទឈ្មោះ ម៉ន សូលីដែត ត្រូវជាបងថ្លៃនិងប្អូនថ្លៃតាំងពីឆ្នាំ២០២០ បន្ទាប់ពីឈ្មោះ ម៉ន សូលីដែត បានរៀបការជាមួយប្អូនប្រុសដើមបណ្តឹងមក ពួកគេបានស្នាក់នៅផ្ទះលេខ២៤បេ ផ្លូវលេខ៩៩ ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ក្នុងអំឡុងពេលស្នាក់នៅជាមួយគ្នា ឈ្មោះ ម៉ន សូលីដែត តែងតែនិយាយពីរឿងអបិយជំនឿប្រាប់បងថ្លៃថា គាត់(ដើមបណ្តឹង)ជាមនុស្សអភ័ព្វគូរ និងរកស៊ីមិនសមប្រកប ហើយបើចង់កែប្រែវាសនា គេ (ជនជាប់ចោទ) បានស្គាល់លោកសង្ឃមួយអង្គ នៅខេត្តតាកែវ ។ ឈ្មោះ ម៉ន សូលីដែត តែងតែនិយាយប្រើល្បិចអូសទាញជនរងគ្រោះឲ្យជឿជាក់លើខ្លួន ដោយប្រៀបធៀបទៅលើបុគ្គលដែលរកស៊ីដោយជោគជ័យមួយចំនួននៅក្នុងស្រុកខ្មែរ គឺពួកគាត់សុទ្ធតែបានទៅរកលោកសង្ឃអង្គនោះ ឲ្យជួយធ្វើមន្តអាគម្ភអូមអាម ទើបរកស៊ីមានបានរហូតដល់សព្វថ្ងៃ ។ ដោយមានការជឿលើអបិយជំនឿ និងទុកចិត្តទាំងស្រុងលើឈ្មោះ ម៉ន សូលីដែត ជាប្អូនថ្លៃ ជនរងគ្រោះបានយល់ព្រមឲ្យជួយទាក់ទងទៅលោកសង្ឃនោះ ដើម្បីឲ្យជួយធ្វើកិច្ចកែប្រែវាសនាឲ្យគាត់ ដើម្បីឲ្យរកស៊ីកាន់តែលូតលាស់មានបានទៅមុខទៀត ។ ឈ្មោះ ម៉ន សូលីដែត បានប្រាប់ជនរងគ្រោះទៀតថា រាល់ការទាក់ទងទៅជាមួយលោកសង្ឃ គឺរូបគេជាអ្នកទាក់ទងផ្ទាល់ ដោយហាមមិនឲ្យជនរងគ្រោះទាក់ទងទេ ពោលគឺការងារចាត់ចែងអ្វីៗ  ឈ្មោះ ម៉ន សូលីដែត អនុវត្តផ្ទាល់ទាំងអស់ ។ បន្ទាប់មកទៀត ម៉ន សូលីដែត បានប្រាប់ជនរងគ្រោះឲ្យវេលុយផ្តល់តាមអាខោន ABA ឈ្មោះ MORN SOLIDETH ជាបន្តបន្ទាប់សរុបទឹកប្រាក់ ២០៧.៥៧៩ ដុល្លារអាមេរិក ដើម្បីយកទៅតម្កល់កំណល់”ជើងព្រះ” មាស ចំនួនពីរដុំទម្ងន់២០ ដំឡឹង ស្មើទឹកប្រាក់ចំនួន ៤៧.០០០ ដុល្លារអាមេរិក សម្រាប់តម្កល់នៅក្នុងបន្ទប់សមាធិ និងតម្កល់លុយសុទ្ធនៅក្រោមខ្នើយរបស់ខ្លួន(ម៉ន សូលីដែត)សម្រាប់ចម្លងដៃ(ចម្លងកិច្ចអបិយជំនឿ)លើទឹកប្រាក់ចំនួន ៣៤.៦០០ ដុល្លារអាមេរិក ។ តាមពាក្យបណ្តឹងបានបញ្ជាក់ទៀតថា ក្រោយមកទៀតឈ្មោះ ម៉ន សូលីដែត តែងតែល្បួងលួងលោមជនរងគ្រោះឲ្យផ្តល់លុយបន្ថែម ប៉ុន្តែជនរងគ្រោះមានការសង្ស័យ និងអស់ជំនឿព្រោះនៅពេលដាក់លុយឲ្យម្តងៗ មិនដែលឃើញបានផលប្រយោជន៍មកវិញទេ ហើយជនរងគ្រោះក៏បានឈប់បន្តធ្វើកិច្ចតទៅទៀត ទើបនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ជនរងគ្រោះបានសុំដកលុយ និងមាសយកមកវិញ ពេលនោះឈ្មោះ ម៉ន សូលីដែត បានទៅកាយយកមាសដែលកប់ក្នុងបន្ទប់សមាធិ ស្រាប់តែឃើញសុទ្ធតែមាសក្លែងក្លាយយកមកប្រគល់ឲ្យជនរងគ្រោះ ឃើញដូច្នោះជនរងគ្រោះបានឆោឡោ ទើបឈ្មោះ ម៉ន សូលីដែត និយាយថារូបគេជាអ្នកទទួលខុសត្រូវ ។ លុះព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីឲ្យជួយអន្តរាគមន៍ឆែកឆេរលើឈ្មោះ ម៉ន សូលីដែត ស្រាប់តែឃើញលុយដុល្លារ និងមាសក្លែងក្លាយទាំងអស់ ទើបសមត្ថកិច្ចនាំយកជនសង្ស័យទៅធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី ហើយជនសង្ស័យត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារព្រៃសចាប់ពីពេលនោះ ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖