ព័ត៌មានទាន់ហេតុការណ៍៖

លោក ខៀវ កាញារីទ្ធ លើកពីទស្សនះ លោក Arnold ដែលថា «អ្វីៗមិនស្ថិតនៅជាអមតៈឡើយ»…. !

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកព្រលឹមអុរ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ លោក ខៀវ កាញារីទ្ធ អ្នកតំណាងរាស្ត្រមណ្ឌល កំពង់ចាម បានលើកពី តារាភាពយន្តដ៏ល្បីល្បាញ គឺ លោក Arnold Schwarzenegger បានបង្ហោះរូបលោកគេងនៅចិញ្ចើមថ្នល់ក្បែររូបសំណាកទង់ដែងរបស់លោក ដោយសរសេរយ៉ាងកំសត់ថា «តើពេលវេលាបានប្រែប្តូរយ៉ាងម៉េចខ្លះ» !

មូលហេតុដែលលោកសរសេរពាក្យមួយឃ្លានេះមិនមែនដោយសាររូបលោកចាស់តែប៉ុណ្ណោះទេ តែនៅពេលដែលលោកជាអភិបាលរដ្ឋកាលីហ្វ័រនីលោកបានសម្ពោធសណ្ឋាគារមួយដែលមានរូបចម្លាក់លោក ។ បុគ្គលិកសណ្ឋាគារបានប្រាប់លោកថា «ទោះជានៅពេលណាក៏ដោយ នៅពេលដែលលោកអញ្ជើញមក ពួកយើងមានបន្ទប់មួយទុកសម្រាប់ជូនលោកជានិច្ច» ។

នៅពេលដែលលោក Arnold ឈប់ធ្វើជាអភិបាលរដ្ឋកាលីហ្វ័រនីហើយទៅសណ្ឋាគារនោះ អ្នកគ្រប់គ្រងសណ្ឋាគារបានប្រកែកមិនជូនបន្ទប់មួយទៅលោកទេ ដោយនិយាយថាលោកត្រូវចេញលុយដើម្បីស្នាក់នៅព្រោះមានភ្ញៀវច្រើនណាស់ដែលត្រូវការបន្ទប់ផងដែរ ។

លោក ខៀវ កាញារីទ្ធ បានបន្តថា ៖ លោក Arnold ក៏បានយកកម្រាលគេងមកនៅក្រោមរូបចម្លាក់លោកហើយពន្យល់ពីសារដែលលោកចង់បញ្ជូនទៅអោយអ្នកផងថា «នៅពេលដែលខ្ញុំមានតួនាទីសំខាន់ ពួកគេតែងមកស្ងើចសរសើរខ្ញុំហើយពេលដែលខ្ញុំបាត់បង់តួនាទីនេះ ពួកគេបំភ្លេចខ្ញុំហើយលែងរក្សាពាក្យសន្យារបស់គេ ។ ចូរអ្នកកុំទុកចិត្តលើតួនាទី ឬ លើចំនួនលុយដែលអ្នកមាន ឬ លើអំណាច ឬ លើបញ្ញាញាណរបស់អ្នក ។ ទាំងអស់នេះគ្មានអ្វីស្ថិតស្ថេរទេ» ។

ចូរប្រឹងប្រែងអប់រំអ្នកឯទៀតថា នៅពេលដែលអ្នកជា«មនុស្សសំខាន់»នៅក្នុងក្រសែភ្នែកអ្នកផង អ្នកណាក៏ជា«មិត្ត»របស់អ្នកដែរ ។ ប៉ុន្តែនៅពេលដែលអ្នកលែងមានប្រយោជន៍សម្រាប់គេទៀតហើយនោះ គេលែងខ្វល់ពីរូបអ្នកទៀតហើយ ។ ចំពោះលោក Arnold «អ្វីៗមិនស្ថិតនៅជាអមតៈឡើយ»….៕ 

ដោយ ៖ សិលា


ចែករំលែក៖