ខេត្តសៀមរាប៖ ក្រសួងយុត្តិធម៌ បានឱ្យដឹងតាមរយៈបណ្ដាញសង្គមតេឡេក្រាមផ្លូវការនៅយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ថា៖ ស្នាមញញឹមរបស់ពលរដ្ឋ ជាសេចក្តីសុខរបស់ថ្នាក់ដឹកនាំ!
ក្រសួងយុត្តិធម៌ បានបន្ថែមថា សូមអរគុណដល់សាលាដំបូងខេត្តសៀមរាប ដែលបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទបញ្ជាដែលថ្នាក់ដឹកនាំដាក់ចេញ ប្រកបដោយភាពម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់!
សូមបញ្ជាក់ផងដែរថា ការពន្លឿនការដោះស្រាយលើបញ្ហាអត្រានុកូលដ្ឋាន (បញ្ហាសំបុត្រកំណើតសំបុត្រមរណភាព និងសំបុត្រអាពាហ៍ពិពាហ៍ ) ជូនបងប្អូនប្រជាពលរដ្ឋ គឺជាការងារអាទិភាពមួយនៅក្នុងដំណើរការនៃការអនុវត្តយុទ្ធនាការដែលបានដាក់ចេញដោយក្រសួងយុត្តិធម៌។
៚ជាថ្មីម្តងទៀត ក្រសួងយុត្តិធម៌ បានរៀបចំឱ្យមានក្រុមការងារទទួលបណ្ដឹងពីប្រជាពលរដ្ឋ ក្នុងយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្ដីតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។ សូមទំនាក់ទំនងក្រុមការងារទទួលពាក្យបណ្តឹង តាមលេខទូរស័ព្ទ ០៩៩ ៤៤៤ ១៨១៕
ដោយ៖ តារា