សារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤ មន្រ្តីរដ្ឋាភិបាលជប៉ុនបានឱ្យដឹងថា ទំហំនៃការបំផ្លិចបំផ្លាញដែលបង្កឡើងដោយ គ្រោះរញ្ជួយដីកម្រិតធ្ងន់ កាលពីថ្ងៃឆ្លងឆ្នាំថ្មីឆ្នាំសកល ដែលបានផ្តាច់ជីវិតមនុស្សយ៉ាងហោច២៣៦នាក់ គឺគិតជាទឹកប្រាក់អាចដល់១៧.៦ពាន់លានដុល្លារ។
កាលពីវេលាយប់ចន្លោះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ គ្រោះរញ្ជួយដីកម្រិត៧.៥រ៉ិចទ័រ បានវាយប្រហារចំខេត្ត Ishikawa ដែលនៅខាងបណ្តោយឆ្នេរជាប់សមុទ្រជប៉ុន ជាហេតុធ្វើឱ្យអគារនិងផ្ទះសម្បែងជាច្រើនខ្នងដួលរលំ ផ្លូវថ្នល់ត្រូវប្រេះដាច់ និងបង្កឱ្យមានគ្រោះអគ្គិភ័យយ៉ាងធំមួយថែមទៀត។ យោងតាមលទ្ធផលសិក្សាវាយតម្លៃចុងក្រោយ ទំហំនៃការខូចខាតនៅក្នុងខេត្ត Ishikawa ព្រមទាំងតំបន់ក្បែរខាង២ទៀត គឺសរុបទំនងជាមានចំនួនចន្លោះពី ១.១ទ្រីលានយេន (៧.៤ពាន់លានដុល្លារ) ដល់២.៦ទ្រីលានយេន (១៧.៦ពាន់លានដុល្លារ)។
ទោះជាយ៉ាងនេះក៏ដោយ សូម្បីចំនួនប៉ាន់ស្មានខ្ពស់បំផុត ក៏នៅតិចជាងឆ្ងាយ ធៀបនឹងទំហំខូចខាតគិតជាទឹកប្រាក់ចំនួន រហូតដល់១៦.៩ទ្រីលានយេន (ជាង១១៤ពាន់លានដុល្លារ) ដែលត្រូវបានបង្កឡើង ដោយមហាគ្រោះមហន្តរាយរញ្ជួយដីនិងរលកស៊ូណាមិ ឆ្នាំ២០១១ នៅភាគខាងជើងជប៉ុន។ គ្រោះមហន្តរាយនាពេលនោះ បានបណ្តាលឱ្យមនុស្សប្រហែល១៨,៥០០ននាក់ ស្លាប់ឬបាត់ខ្លួន ហើយបំផ្លិចបំផ្លាញរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ដែលជាឧបទ្ទវហេតុនុយក្លេអ៊ែរអាក្រក់បំផុត របស់ពិភពលោក គិតចាប់តាំងពីមហន្តរាយនៅរោងចក្រ Chernobyl នៃអតីតសហភាពសូវៀត៕ ដោយ៖ ធីរីណា
រូបថត៖ kyodo