ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសកូឡុំប៊ីបានប្រកាសអាសន្នដោយសារភ្លើងឆេះព្រៃខ្លាំង

ចែករំលែក៖

ថ្ងៃទី 26 ខែមករា រដ្ឋាភិបាលកូឡុំប៊ីបានប្រកាសពីគ្រោះមហន្តរាយ និងបានស្នើសុំជំនួយអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃដ៏កាចសាហាវ ដែលរំពឹងថានឹងកាន់តែអាក្រក់ទៅៗក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដោយសារអាកាសធាតុស្ងួតជាប់ពាក់ព័ន្ធទៅនឹងបាតុភូត El Nino ។បើតាមមន្ត្រីក្នុងប្រទេសនេះ មានភ្លើងឆេះព្រៃចំនួន ៣១ករណី ក្នុងនោះ ៩ករណីត្រូវបានគ្រប់គ្រង។ ការប្រកាសគ្រោះមហន្តរាយអនុញ្ញាតឱ្យរដ្ឋាភិបាលរៀបចំទីតាំងមូលនិធិដើម្បីដោះស្រាយភ្លើងឆេះព្រៃ។
កងទ័ពបានដាក់ពង្រាយទាហានជាង ៦០០ នាក់ ព្រមទាំងយន្តហោះ និងរថយន្តទៅកាន់តំបន់សង្គ្រោះបន្ទាន់។ ទន្ទឹមនឹងនេះ ប៉ូលិសបានប្រើប្រាស់យន្តហោះដែលមានសិទ្ធិបាញ់ថ្នាំគីមីលើស្លឹកកូកា ដើម្បីដឹកជញ្ជូន និងទម្លាក់ទឹកដើម្បីពន្លត់ភ្លើង រួមទាំងការផ្ទុះឆេះនៅលើភ្នំជុំវិញរដ្ឋធានី Bogota ផងដែរ។
ប្រធានាធិបតី Gustavo Petro បាននិយាយថា ប្រទេសឈីលី សហរដ្ឋអាមេរិក ប៉េរូ និងកាណាដា បានឆ្លើយតបទៅនឹងការអំពាវនាវសុំជំនួយ ប៉ុន្តែមិនបានបញ្ជាក់ពីពេលណាដែលជំនួយនឹងមកដល់ប្រទេសនៅអាមេរិកខាងត្បូងនោះទេ។ រដ្ឋាភិបាលកូឡុំប៊ីក៏បានអំពាវនាវសុំជំនួយពីអង្គការសហប្រជាជាតិ (UN) និងសហភាពអឺរ៉ុប (EU)។
វិទ្យាស្ថានឧតុនិយម ជលសាស្ត្រ និងបរិស្ថានរបស់ប្រទេសកូឡុំប៊ី រាយការណ៍ថា ប្រហែលពាក់កណ្តាលនៃតំបន់ទីក្រុង ស្ថិតក្នុងការប្រកាសអាសន្នជាអតិបរមា ដោយសារហានិភ័យអគ្គីភ័យ។ ទន្ទឹមនឹងនេះ ប្រហែលមួយភាគបីនៃទីក្រុងមិនមាននាយកដ្ឋានពន្លត់អគ្គីភ័យទេ៕

ដោយ៖ ធីរីណា(រូប​ថត​៖ hanoimoi.vn)


ចែករំលែក៖