ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយមានការវាយប្រហារលើកប៉ាល់ដឹកប្រេងអង់គ្លេស អាមេរិក វាយប្រហារសងសឹក លើគោលដៅក្រុមហ៊ូទីនៅយេម៉ែន

ចែករំលែក៖

សារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០២៤បានផ្សាយថា ថ្ងៃនេះ កងកម្លាំងអាមេរិកបានវាយប្រហារលើ មីស៉ីលប្រឆាំងនាវា១គ្រាប់ទៀត ក្នុងទឹកដីប្រទេសយេម៉ែន ដែលគ្រប់គ្រងដោយក្រុមហ៊ូទី (Houthi) ប៉ុន្មានម៉ោងបន្ទាប់ពី ក្រុមឧទ្ទាមដែលមានអ៉ីរ៉ង់ជាខ្នងបង្អែកមួយនេះ បានប្រើមីស៉ីលវាយប្រហារនិងបង្កជាភ្លើងឆេះ លើកប៉ាល់ដឹកប្រេងមួយគ្រឿងរបស់ចក្រភពអង់គ្លេស នៅឯឈូងសមុទ្រ Aden ជាប់តំបន់សមុទ្រក្រហម។យោធាអាមេរិកបានឱ្យដឹងថា កងកម្លាំងរបស់ខ្លួនបានបើកការវាយប្រហារថ្មីទៀត លើនាវាប្រឆាំងមីស៉ីលរបស់ក្រុមហ៊ូទី ដែលត្រូវបានតម្រង់​ទៅកាន់សមុទ្រក្រហម ហើយបម្រុងនឹងបាញ់ចេញ។ កាបើតាមយោងតាមអ្នកនាំពាក្យ របស់យោធាពួកហ៊ូទី គឺកាលពីយប់ថ្ងៃសុក្រសប្តាហ៍នេះ កងកម្លាំងជើងទឹករបស់ពួកគេ បានបាញ់មីស៉ីលចំលើកប៉ាល់ដឹកប្រេងអង់គ្លេស១គ្រឿង ឈ្មោះ Marlin Luanda ហើយបង្កឱ្យមានភ្លើង​ឆាបឆេះកប៉ាល់នោះ។ យោធាអាមេរិក បានទទួលស្គាល់ថា កប៉ាល់អង់គ្លេសពិតជាបានរងការវាយប្រហារ ប៉ុន្តែពុំមានសេចក្តីរាយការណ៍ពី មនុស្សរងគ្រោះថ្នាក់ទេ។

ក្នុងពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ កងកម្លាំងយោធារបស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានរួមគ្នាបើកការ​វាយប្រហារតាមផ្លូវអាកាស ដែលសំដៅកាត់បន្ថយសមត្ថភាពរបស់ក្រុមហ៊ូទី ក្នុងការកំណត់គោលដៅ វាយប្រហារលើកប៉ាល់ពាណិជ្ជកម្ម ធ្វើដំណើរឆ្លងកាត់តំបន់សមុទ្រក្រហម ដែលជាច្រកផ្លូវសមុទ្រដ៏សំខាន់។ ក្រុមឧទ្ទាមយេម៉ែនបានអះអាងថា​ សកម្មភាពរបស់ពួកគេ គឺដើម្បីគាំទ្រជនជាតិប៉ាឡេស្ទីន ដែលកំពុងរងគ្រោះដោយសារ សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន នៅឯតំបន់ Gaza Strip៕

ដោយ៖ ធីរីណា(រូប​ថត​៖ twitter)


ចែករំលែក៖