ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាមានតំបន់ទេសចរណ៍ច្រើន ! តំបន់រ៉ាមសាកោះហាន ប្រៀបបានជាឋានសួគ៌ក្រោមមេឃ សម្រាប់ទាក់ទាញអ្នកទេសចរ ឲ្យមកលេងខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ ខេត្តស្ទឹងត្រែងមានតំបន់ទេសចរធម្មជាតិច្រើន ដែលត្រូវជួយរំលេចតាមរយះការផ្សពផ្សាយព័ត៌មាន ចែករំលែកដល់ភ្ញៀវជាតិ អន្តរជាតិ ព្រោះទេសចរណ៍ ជាសេដ្ឋកិច្ចឧស្សាហកម្មអត់ផ្សែង ជួយប្រទេសជាតិ និងជាប្រជាពលរដ្ឋ ។ 

សហគមន៍អេកូទេសចរណ៍ សម្រស់កោះហាន ក្នុងតំបន់រ៉ាមសា ដែលរុំព័ទ្ធដោយដីកោះ ក្នុងឃុំកោះស្នែង ស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ជាតំបន់ទេសចរណ៍បែបធម្មជាតិសុទ្ធសាធ មានសម្រស់ល្អឯកដាច់គេ ប្រៀបបានដូចជាឋានសួគ៌ក្រោមមេឃ អណ្តែតលើទឹកដីនៃខេត្តស្ទឹងត្រែង។ អ្នកទេសចរ អាចធ្វើដំណើរចម្ងាយប្រមាណជា២៤គីឡូម៉ែត្រប៉ុណ្ណោះ ចេញពីទីរួមខេត្តស្ទឹងត្រែង ដោយឆ្លងតាមស្ពានសេកុងលើផ្លូវជាតិលេខ៧A ។   បើតាមការរៀបរបស់លោកសេង សុធា អ្នកសម្របសម្រួលតំបន់អេកូរទេសចរណ៍កោះហាន បានឲ្យដឹងថា ៖ អ្នកទេសចរ អាចមកលេងកម្សាន្តនៅតំបម់កោះហានបាន ចាប់ពីខែ១១ ដល់ខែ៦ ជារៀងរាល់ឆ្នាំ ព្រោះវាជារដូវទឹកទន្លេមេគង្គស្រកចុះ ដែលបណ្តាលឲ្យកោះជាច្រើន អណ្តែតឡើងលើផ្ទៃទឹក ។   អ្នកសម្របសម្រួលរូបនោះបានបន្តទៀតថា ៖ អ្នកទេសចរអាចមកបោះតង់កម្សាន្តលើឆ្នេរខ្សាច់ពណ៌មាស ព្រមទាំងបានគយគន់មើលដើមឈើប៉ប្រាសទឹក ដែលមានទឹកទន្លេថ្លាយុងហូរកាត់ចេញពីស្រទាប់ឫសឈើ សម្លឹងមើលគួរឲ្យត្រជាក់ភ្នែកថែមទៀត ។ ជាងនេះទៅទៀតអ្នកទេសចរ នឹងបានស្តាប់នូវសម្លេងបក្សាបក្សីជាច្រើប្រភេទ យំទ្រយឹងអឹងកងលាន់រំពងពេញព្រៃ ប្រៀបបាននឹងការប្រគុំនូវដូរតន្ត្រីយ៉ាងពីរោះអន្លង់អន្លោច ហោះហើរមកប៉ះនឹងសោតិន្រី្ទយ៍អ្នកទេសចរ គួរឲ្យត្រេកត្រអាលចង់ស្តាប់បំផុត ។   លោកសេង សុធា បន្តឲ្យដឹងបន្ថែមទៀតថា ៖ នៅតំបន់កោះនេះ អ្នកទេសចរ អាចជិះទូកមើលព្រៃលិចទឹក សត្វស្លាបទឹកទន្លេមេគង្គ និងឡើងភ្នំទស្សនារូបសំណាកថ្មពាក់ព័ន្ធរឿងព្រេង (ថ្មកំបោរ) បោះតង់ មើលថ្ងៃលិច ដុតត្រី ស្ទូចត្រី បង្ហោះគូម ជិះទូកកៃយ៉ាក់គយគន់ព្រៃលិចទឹក ពិសារអាហារប្រចាំតំបន់ ដែលរៀបចំដោយសហគមន៍ផ្ទាល់ ស្នាក់នៅផ្ទះសហគមន៍ និងរៀនសូត្រពីជីវភាពរស់នៅ របស់អ្នកនៅលើកោះនេះថែមទៀតផង ។ សម្រាប់សេវា១យប់២ថ្ងៃ តម្លៃ៤៥ដុល្លារ/នាក់ រួមមាន៖ ជិះទូកមើលព្រៃលិចទឹក បោះតង់លើកោះខ្សាច់ ជិះទូកកៃយ៉ាក់មើលឬសឈើ ហូបអាហារលើកោះខ្សាច់ មគ្គទេសក៍នាំភ្ញៀវ សន្តិសុខ និងសម្ភារជាច្រើនទៀត។ 

សូមបញ្ជាក់ថា ៖ តំបន់ទេសចរណ៍ ៦ កន្លែងនៅខេត្តស្ទឹងត្រែង នៅតែទាក់ទាញភ្ញៀវឲ្យទៅលេងមិនចេះដាច់ ដោយសារតែខេត្តមួយនេះសម្បូរទៅដោយធនធានធម្មជាតិមានទេសភាពស្អាតៗ សម្រាប់បម្រើដល់វិស័យទេសចរណ៍។

ខេត្តស្ទឹងត្រែងនេះ មានទន្លេចំនួន ៤ បានហូរកាត់ រួមមាន៖ ទន្លេមេគង្គ ទន្លេសេសាន្ត ទន្លេសេកុង និងទន្លេស្រែពក។ ដោយសារមានអំណោយផលពីធម្មជាតិផងនេះ ទើបខេត្តនៃភូមិភាគឦសានមួយនេះសំបូរទៅដោយរមណីយដ្ឋានធម្មជាតិ ដ៏ស្រស់បំព្រង ដែលកើតចេញពីព្រៃលិចទឹកខៀវស្រងាត់មានផ្ទាំងថ្មតូចធំជាច្រើននៅតាមទន្លេ និងបឹងបួរទើបធ្វើឲ្យខេត្តនេះសំបូរកន្លែងកម្សាន្ត លំហែរកាយ និងមានការទាក់ទាញភ្ញៀវទេសចរឲ្យមកលេងមិនចេះដាច់ ពិសេសថ្ងៃឈប់សម្រាកពីការងារ។ 

បច្ចុប្បន្ននេះខេត្តស្ទឹងត្រែងមានតំបន់ទេសចរណ៍ចំនួន ៦ កន្លែងដែលកំពុងស្រូបយកអ្នកទេសចរជាតិ និងអន្តរជាតិឲ្យមកលេងជាហូរហែរ។ តំបន់ទេសចរណ៍ទាំងនោះរួមមាន៖ តំបន់ទេសចរណ៍អន្លង់ផ្សោតឈើទាល តំបន់ព្រៃលិចទឹករ៉ាមសារ តំបន់ឧទ្យានជាតិវីរៈជ័យ តំបន់ទេចរណ៏ណ៍បូរីអូរស្វាយ តំបន់ទេចរណ៍អូរឫស្សីកណ្តាល និងតំបន់ទេសចរណ៍រមណីយដ្ឋានចំការក្រូច ដែលទៅដល់តំបន់នោះភ្ញៀវទេសចរអាចជិះទូកមើលត្រីផ្សោតដ៏កម្របង្ហាញខ្លួនឡើងលើផ្ទៃទឹកទន្លេមេគង្គដ៏អស្ចារ្យ សម្រាប់ភ្ញៀវទេសចរទស្សនាក៏ដូចជាជិះទូក មើលសត្វស្លាប មើលព្រៃលិចទឹក និងងូតទឹកលេងកម្សាន្ត ក្រោមម្លប់ឈើធំៗរាប់សិបពាន់ដើមអមដោយឆ្នេរខ្សាច់សក្បុះ និងអាចបោះតង់សម្រាកដោយសុខសាន្តថែមទៀតផង៕

ដោយ ៖ សិលា


ចែករំលែក៖