ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា កម្លាំងនគរបាលស្រុកឯកភ្នំ និងស្រុកមោងឫស្សី ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ករណីរក្សាទុកចែកចាយគ្រឿងញៀនដោយខុសច្បាប់ពីរករណីផ្សេងគ្នា យកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។
ការឃាត់ខ្លួនជនសង្ស័យខាងលេីនេះ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ និងអធិការដ្ឋាននគរបាលស្រុកមោងឫស្សី បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ២ករណីផ្សេងគ្នា ក្នុងបទល្មើសជាក់ស្តែងនៅថ្ងៃទី២៦ ខែមករាម្សិលមិញនេះ ។
កិច្ចប្រតិបត្តិការទី០១ វេលាម៉ោង១៤.០០នាទីនៅចំណុចភូមិក្បាលតោល ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះជីវាំង នៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ ដឹកនាំដោយលោកវរសេនីយ៍ឯក ឡុង យោធាវីរ: អធិការនគរបាលស្រុកឯកភ្នំ បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង ។ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ០២នាក់ ១.ឈ្មោះ ង្វៀង វុឹងសុង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិក្បាលតោល ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង និង២.ឈ្មោះ ប៊ួយ ធីង៉ុក ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិក្បាលតោល ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ២៧ថង់ ទម្ងន់ ៤.៤០ក្រាម ។
-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១ ។
-ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន ។
-អាំងវុិចទ័រសម្រាប់ឆក់ត្រីចំនួន០៣ ។
-ទូរស័ព្ទដៃចំនួន០១ ។
-លោហះធាតុពណ៍លឿង (ក្រវុិលចំនួន០១គូរ) ។
-ប្រាក់ខ្មែរចំនួន២០មុឺនរៀល ។
កិច្ចប្រតិបត្តិការទី០២ វេលាម៉ោង២១.៤៥នាទី នៅវាលស្រែ ចំណុចក្រុមទី០៥ ភូមិវាល ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដឹកនាំដោយលោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង ។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ០២នាក់ ១.ឈ្មោះ ជីម សោភក្ដី ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិត្រស់ ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង និង២.ឈ្មោះ ហ៊ឹម ជីវ័ន្ត ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិប្រឡាយស្ដៅ ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។ វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់ ទម្ងន់ ០.១០ក្រាម ។
នាពេលនេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកឯកភ្នំ និងស្រុកមោងឫស្សី កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី៕
ដោយ៖ អរុណរះ