ខេត្តព្រះវិហារ ៖ ឈើអារលេខមួយប្រភេទសុក្រំចំនួន២០កំណាត់ដែលមានមុខធំៗដែលក្រុមឈ្មួញលាក់ទុកក្នុងព្រៃចំការចេកនោះត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើបង្ក្រាបយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើស្រុករវៀងធ្វើកំណតហេតុចាត់ការបន្តតាមនីតិវិធីច្បាប់ព្រៃឈើ។
ការចុះបង្ក្រាបនិងធ្វើការដកហូតនោះដោយមានកម្លាំងរដ្ឋបាលព្រៃឈើរវៀង ដឹកនាំដោយ លោកស៊ុំ សុវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀងនិងលោក ធី រនតៈ សហការ លោកយឹម វាសនា និង លោកឃឿន សុធារ័ត្ន និង មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ លោកសម ប្រុស មានការធ្វើឡើងនៅវេលាម៉ោង ៤៖៣៥នាទីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ត្រង់ចំណុចភូមិឈ្នួន ឃុំរួសរាន់ ស្រុករវៀងខេត្តព្រះវិហារ ។
ប្រភពពីកម្លាំងជំនាញថាឈើដែលដកហូតបាននោះជាឈើអារលេខមួយប្រភេទសុក្រំចំនួន២០កំណាត់ដែលមានមុខកាត់២៥សង់ទីម៉ែត្រប្រវែង២.៥ម៉ែត្រទៅ៣ ម៉ែត្រដែលគេដាក់ការសង្ស័យថា ជាឈើក្រុមឈ្មួញមុខដដែលៗយកមកលាក់ទុកក្នុងព្រៃចំការចេកនិងដឹកចេញបន្តទៅលក់ឲ្យឈ្មួញខាងក្រៅហើយក៏ត្រូវបានកម្លាំងជំនាញប្រទះឃើញធ្វើការរឹបអូសតែម្តង។
ក្នុងនោះក៏មានការចូលរួមពីលោកមេឃុំរួសរាន់និងមេភូមិឈ្នួននិងប្រជាការពារកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំរួសរាន់ផងដែរ។
ហើយក៏បានធ្វើការដឹកវត្ថុតាងទាំងនោះយកមកថែរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើស្រុករវៀងដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ព្រៃឈើ៕
ដោយ ៖ ជីវ័ន្ត