ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន ផ្ញើប្រគេនការស្រឡាញ់ ក្តីអាណិតចំពោះកូននេន សីហា និងប្រកាសជួយជាវដីពង្រីកវត្ត កសាងកុដ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធាន គណបក្ស ប្រជាជនកម្ពុជា បានផ្ញើប្រគេនការស្រឡាញ និងក្ដីអាណិតចំពោះកូននេន សីហា ដែលគង់នៅវត្តព្រៃថ្មី ក្នុងខេត្តកំពត។

តាមរយៈហ្វេសប៊ុកផ្លូវការសម្ដេចតេជោនៅថ្ងៃនេះបានសរសេរយ៉ាងដូច្នេះថា ៖ «ព្រឹកមិញបានជួបកូន អួន សារ៉ាត់ ដែលជាអ្នកផ្សព្វផ្សាយពីកូននេនសីហា។ ចំណុចសំខាន់តើត្រូវជួយកូននេន សីហា របៀប ណា? និងការជួយកសាងកុដសម្រាប់ព្រះសង្ឃគង់នៅ និងទិញដីបន្ថែមដើម្បីពង្រីក និងកសាងវត្ត ។»

សម្ដេចតេជោ ហ៊ុន សែនបន្តថា ៖ សម្ដេចនឹងចាត់ឱ្យតំណាងទៅជួបព្រះចៅអធិការវត្ត និងកូននេន សីហា ដោយ រួម ដំណើរ ជាមួយ អួន សារ៉ាត់ ដើម្បីពិភាក្សាដោះស្រាយជាក់ស្តែង។

ជាមួយគ្នានេះសម្ដេចតេជោ ហ៊ុន សែន បានអរគុណដល់លោក អួន សារ៉ាត់ដែលបាន ជួយផ្សព្វផ្សាយពីកូននេន សីហា និងសូមអរគុណសប្បុរសជនដែលបានជួយដល់កូននេន សីហា ដើម្បីកសាងព្រះវិហារ និងសូមអំពាវនាវបន្តជួយរហូតរួចរាល់នូវព្រះវិហារនេះ។ សម្ដេចបានប្រកាសថា ៖ សម្ដេចនឹងជួយជាវដីដើម្បីពង្រីកវត្ត និងកសាងកុដសម្រាប់ព្រះសង្ឃគង់នៅ។

សម្ដេចតេជោ៖«ខ្ញុំទទួលខុសត្រូវលើការជាវដីពង្រីកវត្ត និងកសាងកុដសម្រាប់ព្រះសង្ឃគង់នៅ។ ផ្ញើប្រគេនការស្រឡាញ់ និងក្តីអាណិតចំពោះកូននេនសីហាពីតា៕»

សូមបញ្ជាក់ថា ៖ ភ្លាមៗនោះ លោក អួន សារ៉ាត់ បានបង្ហោះលើផេកផ្លូវការរបស់ខ្លួនថា ៖ រំភើបខ្លាំងណាស់ លោកកូនសីហាពិតជាសំណាងមែន ថ្ងៃនេះខ្ញុំពិតជារំភើបក្រៃលែងបំផុត ដែលបានជួបសម្ដេចតេជោ ហ៊ុន សែន ដោយផ្ទាល់ ដោយសម្ដេចមានទឹកចិត្តដ៏ល្អប្រពៃថ្លៃថ្លាបំផុត សម្ដេច ស្រលាញ់ អាណិត និងមេត្តា ចំពោះលោកកូនសីហា សម្ដេចជួយលោកកូន ចូលរួមជួយកសាងវត្ត ជាមួយពុទ្ធបរិស័ទធ្វើបុណ្យជាមួយលោកកូនសីហា(ព័ត៌មានបន្តខ្ញុំនឹងជូនដំណឹងពេលក្រោយ) ៕ 

ដោយ ៖ សិលា


ចែករំលែក៖