ព័ត៌មានទាន់ហេតុការណ៍៖

សេចក្ដីប្រកាសព័ត៌មានស្តីពីការដោះស្រាយសំណូមពរពីប្រជាពលរដ្ឋពាក់ព័ន្ធនឹងការឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចាកចេញពីតំបន់រមនីយដ្ឋានអង្គរទៅតាំងទីលំនៅ ស្រុកបន្ទាយស្រី

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាបមានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ក្រុមការងារចម្រុះដោយមានតំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងរដ្ឋបាលខេត្ត និងអ្នកពាក់ព័ន្ធបានជួបមួយប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរទៅតាំងទីលំនៅនៅភូមិធម្មជាតិរុនតាឯក ដើម្បីស្តាប់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋពាក់ព័ន្ធនឹងការឧបត្ថម្ភសាច់ប្រាក់។

   ជាមួយគ្នានេះ ក្រុមការងារចម្រុះក៏បានធ្វើការផ្សព្វផ្សាយជូនបងប្អូនប្រជាពលរដ្ឋអំពីគោលនយោបាយ និងការកែសម្រួលលើការឧបត្ថម្ភសាច់ប្រាក់ ដោយអនុវត្តតាមអនុក្រឹត្យលេខ៨៨ អនក្រ.បកចាស់ និងអនុក្រឹត្យលេខ ៣៧១ អនក្រ.បកថ្មី ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣។ បន្ទាប់ពីបានទទួលសំណូមពរពីប្រជាពលរដ្ឋ ក្រុមការងារចម្រុះបានជូនដំណឹងទៅកាន់បងប្អូនប្រជាពលរដ្ឋថា រដ្ឋបាលខេត្តនឹងធ្វើរបាយការណ៍ជូនរាជរដ្ឋាភិបាលដើម្បីពិនិត្យលើសំណូមពររបស់ប្រជាពលរដ្ឋ ហើយជូនដំណឹងមកកាន់ប្រជាពលរដ្ឋវិញ ឱ្យឆាប់រហ័សក្រោយពេលទទួលបានដំណឹងពីរាជរដ្ឋាភិបាល។

   អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មេត្តាជ្រាបជាព័ត៌មាន៕

ដោយ ៖ សិលា


ចែករំលែក៖