កូរ៉េខាងត្បូងបាននិយាយថា ថ្ងៃនេះ (ថ្ងៃទី 28 ខែមករា) កូរ៉េខាងជើងបានបាញ់បង្ហោះកាំជ្រួចជាច្រើនគ្រាប់ទៅកាន់ឆ្នេរសមុទ្រភាគខាងកើត។
ទីភ្នាក់ងារសារព័ត៌មាន Reuters បាននិយាយថា យោងតាមសេចក្តីថ្លែងការណ៍របស់អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) កូរ៉េខាងជើងបានបាញ់មីស៊ីលជាបន្តបន្ទាប់នៅម៉ោងប្រហែល ៨ៈ០០ព្រឹក (ម៉ោងក្នុងតំបន់) នៅឯឆ្នេរសមុទ្រនៃកំពង់ផែ Shinpo ។ ការបាញ់បង្ហោះរបស់កូរ៉េខាងជើងកំពុងត្រូវបានវិភាគដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក ប៉ុន្តែវាមិនទាន់ច្បាស់ថា តើមីស៊ីលប៉ុន្មានគ្រាប់ត្រូវបានបាញ់នោះទេ។
JCS បាននិយាយថា “នៅក្នុងដំណើរការនៃការបង្កើនការឃ្លាំមើល និងការប្រុងប្រយ័ត្ន យោធាកូរ៉េខាងត្បូងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិកនិងតាមដានសញ្ញានិងសកម្មភាពបន្ថែមពីភាគីកូរ៉េខាងជើង” ។
កាលពីថ្ងៃទី២៤ ខែមករា កូរ៉េខាងជើងបានបាញ់បង្ហោះកាំជ្រួចយុទ្ធសាស្ត្រថ្មីមួយដែលមានឈ្មោះថា “Pulhwasal-3-31” ចូលទៅក្នុងសមុទ្រលឿង។ ជាលើកដំបូងហើយដែលកូរ៉េខាងជើងបានធ្វើការសាកល្បងកាំជ្រួច Cruise ដែលមានសមត្ថភាពវាយប្រហារនុយក្លេអ៊ែរ។
កូរ៉េខាងជើងកំពុងបង្កើនសកម្មភាពប្រឈមមុខដាក់គ្នាជាមួយអាមេរិក និងសម្ព័ន្ធមិត្ត។ ប៉ុន្តែបើតាមមន្ត្រីនៅក្រុងវ៉ាស៊ីនតោននិងសេអ៊ូល ពួកគេមិនបានដឹងថាក្រុងព្យុងយ៉ាងមានចេតនាក្នុងការចាត់វិធានការយោធាទេ។
នៅព្រឹកនេះផងដែរទីភ្នាក់ងារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើង (KCNA) បានរិះគន់សមយុទ្ធយោធាជាបន្តបន្ទាប់ដែលធ្វើឡើងដោយយោធាអាមេរិក និងកូរ៉េខាងត្បូងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយបានព្រមានអំពីផលវិបាក ៕ ដោយ៖ ធីរីណា
រូបថត៖ YONHAP NEWS