ព័ត៌មានទាន់ហេតុការណ៍៖

ចូលរួមរំលែកទុក្ខ! ក្មេងប្រុស២នាក់លង់ទឹកបៀរខាងក្រោយផ្ទះស្លាប់គួរអោយសង្វេគ

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងក្រុមគ្រួសារទាំងព្រឹក ខណៈដែលក្មេងប្រុស២នាក់លង់ទឹកបៀរខាងក្រោយផ្ទះស្លាប់គួរអោយសង្វេគ បន្ទាប់ពីមានការធ្វេសប្រហែសពីឪពុកម្ដាយ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩និង៣០នាទី ថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២៤ ស្ថិតក្នុងភូមិព្រៃសុក្រំ ឃុំពងទឹក ស្រុករំដួល។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងនៅរសៀលថ្ងៃទី២៨ ខែមករាឆ្នាំ២០២៤នេះថា ក្មេងរងគ្រោះមានឈ្មោះផៃ ជីដេវីត ភេទប្រុស អាយុ៤ឆ្នាំ និង ឈ្មោះ សុខ បូរីពិសិដ្ឋ ភេទប្រុស អាយុ៣ ឆ្នាំ រស់នៅភូមិព្រៃសុក្រំ ឃុំពងទឹក ស្រុករំដួល។

ប្រភពបន្តថា មុនកើតហេតុ ឪពុកជាប់រវល់នៅក្នុងផ្ទះមើលទូរស័ព្ទ ចំណែកម្តាយជាប់ទៅធ្វើការរោងចក្រ រីឯជីដូនបានត្រលប់មកផ្ទះវិញ ពីព្រោះថ្ងៃសៅគាត់ទំនេរមិនបានមកមើលថែចៅនោះទេ។

ប្រភពបន្តថា ពេលកើតហេតុ ក្មេងប្រុសទាំង២នាក់ដែលត្រូវជាអ្នកភូមិជិតខាង បាននាំគ្នារត់លេងតាមរបៀបកូនក្មេងនៅខាងក្រោយផ្ទះ។

ប្រមាណកន្លះម៉ោងក្រោយមកឪពុកមានការងឿងឆ្ងល់ដោយបាត់កូនយូរពេកមិនឃើញមកផ្ទះក៏ស្រែកហៅនិងដើររកក៏ស្រាប់តែប្រទះឃើញកូននៅក្បែរកំប្លោកទឹកបៀរទើបបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាជួយសង្គ្រោះធ្វើចលនាដៃជើងរឹតទ្រូង ប៉ុន្តែអកុសលកុមារទាំងពីរបានស្លាប់បាត់ទៅហើយ។

ក្រោយមកសមត្ថកិច្ចបានមកដល់ធ្វើកំណត់ហេតុនិងពិនិត្យសពដោយសន្និដ្ឋានថា កមាររងគ្រោះទាំងពីរនាក់ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ទើបប្រគល់សពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕

ដោយ៖ សុថាន


ចែករំលែក៖