ព័ត៌មានទាន់ហេតុការណ៍៖

គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព គឺជាគោលការណ៍ចម្បងរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ

ចែករំលែក៖

ភ្នំពេញ​៖​ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព គឺជាគោលការណ៍ចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ពិសេស គឺការអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារ ដែលនឹងក្លាយជាមូលធនមនុស្សដ៏សំខាន់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា២០៣០ ។ 

សូមកោតសរសើរ និងវាយតម្លៃខ្ពស់ដល់គណៈកម្មការរៀបចំការប្រឡងប្រជែង រួមមាន៖ ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងអង្គភាពពាក់ព័ន្ធ ដែលបានសិក្សាគ្រប់ជ្រុងជ្រោយនូវលទ្ធភាពរៀបចំការប្រឡងប្រជែងនាថ្ងៃអាទិត្យ ទី២៨ ខែមករា ឆ្នាំ២០២៤ នេះ ទាំងការតាក់តែងវិញ្ញាសាច្រើនជាងមួយជម្រើស ដោយជ្រើសយកជម្រើសតែមួយ មុនការប្រឡងប្រព្រឹត្តទៅ ក៏ដូចជាសណ្តាប់ធ្នាប់មណ្ឌលប្រឡង ពោរពេញដោយភាពហ្មត់ចត់ សុក្រឹតភាព និងសង្គតិភាព ដោយឈរលើស្មារតី “ចេះ គឺជាប់” “ជាប់ដោយមោទនៈ និងធ្លាក់ដោយអស់ចិត្ត” ដើម្បីជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ចំនួន ១០០នាក់ ចេញពីបេក្ខជនប្រឡង ១ ៨៩២នាក់ (ស្រី្ត ៥៧៩នាក់) ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា ។ 

សូមបេក្ខជនប្រឡងប្រជែង ខិតខំឱ្យអស់ពីសមត្ថភាព ទាំងវិញ្ញាសាសរសេរនាថ្ងៃនេះ និងវិញ្ញាសាអនុវត្តន៍កីឡា នៅថ្ងៃបន្តបន្ទាប់ ដោយមិនត្រូវធ្វេសប្រហែសលើវិញ្ញាសាណាមួយឡើយ៕

ដោយ៖ តារា


ចែករំលែក៖