ខេត្តកំពង់ចាម៖ លោក ឡោ សុឡេង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកកោះសូទិន នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញអធិបតី ក្នុងពិធីប្រកាសសមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកកោះសូទិន នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកោះសូទិន។
ថ្លែងក្នុងឱកាសនោះ លោក ឡោ សុឡេង បានសម្ដែងនូវក្ដីសោមនស្សរីករាយ ដែលបានមកចូលរួមបំពេញការងារជាមួយសមាជិក សមាជិកគណបក្សប្រជាជនកម្ពុជា នៅស្រុកកោះសូទិន ខេត្តកំពង់ចាម និងសូមផ្ដាំផ្ញើនូវការសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោកសន្ដិបណ្ឌិត នេត សាវឿន សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម ជូនដល់អង្គពិធីទាំងមូលផងដែរ។
លោក ឡោ សុឡេង បានណែនាំដល់ក្រុមការងារមូលដ្ឋាន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវតែបន្ដខិតខំប្រឹងប្រែងក្ដោបក្ដាប់ឲ្យបាននូវតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងករណីប្រជាពលរដ្ឋមានតម្រូវការណាមួយត្រូវតែបំពេញបន្ថែម ហើយត្រូវលុបបំបាត់ឲ្យខាងតែបាននូវភាពអសកម្មមួយចំនួន ព្រោះអំពើមិនគប្បីទាំងអស់នេះ ជះឥទ្ធិពលមិនល្អនៅពេលបោះឆ្នោតនាពេលខាងមុខ។
ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកកោះសូទិនរូបនេះ ក៏បានក្រើនរំលឹកដល់ក្រុមការងារ និងមន្ដ្រីទាំងអស់ ត្រូវចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីស្ដាប់នូវសំណូមពរ ពិនិត្យដោះស្រាយបញ្ហាប្រឈមនានា ហើយបន្ដផ្សព្វផ្សាយ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាព ពោលត្រូវធានាឲ្យប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខសាន្ដ។
នៅចំពោះមុខ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះលោក ឡោ សុឡេង ក៏បានផ្ដាំផ្ញើដល់អង្គបោះឆ្នោតទាំងអស់ ឲ្យថែរក្សាសុខភាព ត្រៀមខ្លួន ត្រៀមឯកសារ ដើម្បីចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឲ្យបានគ្រប់ៗគ្នា៕
ដោយ៖ តារា