ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យក្រសួងបរិស្ថាន៖ គុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជា នៅតាមបណ្ដារាជធានី-ខេត្ត គឺមានភាពល្អប្រសើរ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃចន្ទទី២៩ ខែមករា នេះក្រសួងបរិស្ថានបានប្រកាសថា ៖ គុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជា នៅតាមបណ្ដារាជធានី-ខេត្ត គឺមានភាពល្អប្រសើរ។ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានអះអាង បានបញ្ជាក់ថា ៖ ការវាយតម្លៃគុណភាពខ្យល់របស់ក្រសួងបរិស្ថាន បានធ្វើឡើងដោយមានការពិនិត្យតាមដានដោយយកចិត្តទុកដាក់ ពីមន្រ្តីជំនាញ និងឧបករណ៍តាមដានត្រួតពិនិត្យគុណភាពខ្យល់សាធារណៈ ចំនួន ១៤ទីតាំងនៅរាជធានីភ្នំពេញ និង ៣៧ទីតាំង នៅតាមបណ្ដាខេត្ត។ ហើយនៅខេត្តខ្លះមានឧបករណ៍តាមដានគុណភាពខ្យល់ ចំនួន២ ទីតាំង ថែមទៀត។ មន្រ្តីនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ការរក្សាបាន សន្ទស្សន៍គុណភាពខ្យល់ (AQI) ល្អនិងល្អប្រសើរ នៅគ្រប់ទីតាំងទាំងអស់នោះ  ជាលទ្ធផលដោយមានកិច្ចសហការពីអ្នកពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយនឹងវិធានការណ៍មួយចំនួន ដែលក្រសួងដាក់ចេញ។ 

ក្នុងន័យនេះ ដើម្បីការពារ និងទប់ស្កាត់បញ្ហាការបំពុលខ្យល់នៅរាជធានី-ខេត្ត អ្នកនាំពាក្យក្រសួងបរិស្ថាន បានស្នើឱ្យរដ្ឋបាលរាជធានីភ្នំពេញ និងខេត្តទាំងអស់ បន្តជំរុញផ្សព្វផ្សាយការអនុវត្តសារាចរលេខ ០១ សរ របស់រាជរដ្ឋាភិបាល ស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងប្រជាពលរដ្ឋ ជាពិសេសចាត់វិធានការមួយចំនួនដូចខាងក្រោមៈ

ទី១៖ អប់រំណែនាំប្រជាពលរដ្ឋកុំឱ្យដុតរានព្រៃ វាលស្មៅ ដុតប្លាស្ទិក សំណល់កសិកម្ម គល់ជញ្ជាំង សំរាម សំណល់រឹង ប្លាស្ទិក នៅលើទីវាល ឬទីចំហ។

ទី២៖ ទប់ស្កាត់ការដុតរានព្រៃ ការដុតវាលស្មៅ ការដុតគល់ជញ្ជាំង ការដុតសំណល់កសិកម្ម សំរាម ដុតសំណល់ប្លាស្ទិក  និងការឆេះទីលានចាក់សំរាម។ 

ទី៣៖ ទប់ស្កាត់ការហុយធូលីនៅការដ្ឋានសំណង់ និងការដឹកជញ្ជូនសម្ភារសំណង់។

និងទី៤៖ ធ្វើការសម្អាតធូលី និងធ្វើអនាម័យនៅតាមដងផ្លូវ និងទីសាធារណៈឱ្យបានជាប់ជាប្រចាំ។ ត្រឹមត្រូវ ដើម្បីកុំឱ្យមានការឆេះ»។ 

សូមបញ្ជាក់ថា ៖ តាមរយៈការតាមដានគុណភាពខ្យល់របស់ក្រសួងបរិស្ថានបានបង្ហាញថាកំឡុងពេលមួយខែកន្លងមកនេះ ប្រទេសកម្ពុជាមិនទាន់មានការកត់សម្គាល់ ការធ្លាក់ចុះគុណភាពខ្យល់គួរឱ្យព្រួយបារម្ភនៅឡើយ។ ពោលគឺកំហាប់ភាគល្អិតនិចលដែលមានវិជ្ឈមាឌតូចជាង ឬស្មើ ២,៥មីក្រូម៉ែត្រ ឬហៅថា PM2.5 មានកំហាប់ចន្លោះពី ១៨,០៣ µg/m3 ទៅ ២១,៤៣ µg/m3 ដែលទាបជាងស្តង់ដារដែលក្រសួងបរិស្ថាន បានកំណត់គឺ ៥០ µg/m3 ជាមធ្យមក្នុងរយៈពេល ២៤ម៉ោង៕

 

ដោយ ៖ សិលា


ចែករំលែក៖