ព័ត៌មានទាន់ហេតុការណ៍៖

អុីរ៉ង់៖ ការលាតត្រដាងពីលក្ខណៈ «លាក់ពុត» របស់សហរដ្ឋអាមេរិក អំពីសិទ្ធិមនុស្សនៅកាហ្សា

ចែករំលែក៖

សារព័ត៌មានស៊ីនហួ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ បានផ្សាយថា អ្នកនាំពាក្យក្រសួងការបរទេសអុីរ៉ង់ លោក Nasser Kanani បាននិយាយនៅថ្ងៃអាទិត្យកន្លងមកនេះថា អ្វីដែលបានកើតឡើងនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប វាបានលាតត្រដាងលក្ខណៈ «លាក់ពុត» របស់ក្រុមអ្នកការពារសិទ្ធិមនុស្សមួយចំនួន រួមទាំងរដ្ឋាភិបាលសហរដ្ឋអាមេរិកផងដែរ»។
លើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X លោក Kanani បានចង្អុលបង្ហាញថា «ជាមួយនឹងការវិវឌ្ឍស្ថានភពនៅហ្គាហ្សា មុខមាត់លាក់ពុតរបស់អ្នកតស៊ូមតិសិទ្ធិមនុស្ស រួមទាំងរដ្ឋាភិបាលសហរដ្ឋអាមេរិក ត្រូវបានលាតត្រដាងនៅចំពោះមុខពិភពលោកទាំងមូល»។
អ្នកនាំពាក្យរូបនេះបាននិយាយទៀតថា «ក្នុងចំណោមប្រជាជន ២.២ លាននាក់នៅតំបន់ហ្គាហ្សា មានមនុស្សរហូតដល់ជាង ១.៩ លាននាក់ត្រូវបានផ្លាស់ទីលំនៅនិងគ្មានផ្ទះសម្បែង ហើយមនុស្សជាង ២៦,០០០ នាក់ត្រូវបានសម្លាប់ ក្នុងនោះមានស្ត្រីនិងកុមារប្រហែល ១៨,០០០ នាក់…ដូច្នេះអ្នកគាំទ្រអុីស្រាអែលគួរតែខ្មាសអៀនចំពោះការធ្លាក់ចុះផ្នែកសីលធម៌ដ៏ខ្លាំងរបស់ពួកគេ ទាក់ទងនឹងជោគវាសនារបស់អ្នកស្រុកហ្គាហ្សា»។
អុីស្រាអែលបានធ្វើសង្រ្គាមជាមួយក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ បន្ទាប់ពីក្រុមនេះបានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅភាគខាងត្បូងអុីស្រាអែល ដែលបានសម្លាប់មនុស្សប្រហែល ១,២០០ នាក់។ ក្រសួងសុខាភិបាលរបស់ក្រុមហាម៉ាស់បាននិយាយនៅថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ប៉ាឡេស្ទីនដោយការវាយប្រហាររបស់អុីស្រាអែលដែលកំពុងបន្តលើតំបន់ហ្គាហ្សា បានកើនឡើងដល់ ២៦,៤២២ នាក់៕ ដោយ៖ ធីរីណា

រូប​ថត​៖ thx


ចែករំលែក៖