ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនមន្ត្រីប៉ុស្ដិ៍ស្ទឹងមានជ័យទី៣​ម្នាក់​ និងបក្ខពួក២នាក់ទៀត​ ករណីគំរាមកំហែងយកប្រាក់​ពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ​ ៖​ នាព្រឹកថ្ងៃទី៣០​ ខែមករា​ ឆ្នាំ​២០២៤នេះ​ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបំភ្លឺជូនសាធារណជនមេត្តាជ្រាបថា ករណីយុវជន០៥នាក់ ដែលបានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅលើបណ្ដាញសង្គម កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤កន្លងទៅ ដោយចោទប្រកាន់ថាមានសមត្ថកិច្ចគាបយកលុយនៅចំណុចប្រេងឥន្ធនៈតេលាលូប្រាំ ផ្លូវវេងស្រេង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។ 

​   ករណីនេះដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវត្រួតពិនិត្យកន្លែងកើតហេតុ និងប្រមូលវត្ថុតាងតាមកាមេរ៉ាសុវត្ថិភាព និងតាមការសាកសួរពីយុវជនរងគ្រោះ បានឃាត់ខ្លួនមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ០១នាក់ រួមនឹងប្រជាការពារចំនួន០២នាក់ទៀត ពីបទ កំហែងយកប្រាក់។

    ជនសង្ស័យចំនួន០៣នាក់៖

១-ឈ្មោះ នាង វណ្ណី ហៅ ប៉ាន់នី ភេទប្រុស ជនជាតិខ្មែរ។

២-ឈ្មោះ គឹម សុខា ហៅ ហង្ស១៣ ភេទ ប្រុស ជនជាតិខ្មែរ។

៣-អនុសេនីយ៍ឯក ព្រុំ វណ្ណរឿន ជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣។

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី។ ចំណែកជនសង្ស័យនៅសេសសល់មួយចំនួនទៀត កម្លាំងជំនាញកំពុងស្រាវជ្រាវបន្តដើម្បីស្វែងរកឃាត់ខ្លួនយកមកអនុវត្តតាមនីតិវិធី៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖