សារព័ត៌មាន AFP បានផ្សាយថា យោធាកូរ៉េខាងត្បូងនៅថ្ងៃអង្គារ ទី៣០ ខែមករានេះបានឱ្យដឹងថាកូរ៉េខាងជើងបានធ្វើតេស្ដបាញ់មីស៊ីលគ្រូសជាច្រើនគ្រាប់ឆ្ពោះទៅកាន់តំបន់ឆ្នេរភាគខាងលិចរបស់ខ្លួន តែ២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីក្រុងព្យុងយ៉ាងបាញ់សាកល្បងមីស៊ីលគ្រូសចេញពីនាវាមុជទឹក។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង បានបញ្ជាក់ថា យោធារបស់ខ្លួនចាប់បានសញ្ញានៃមីស៊ីលគ្រូសជាច្រើនគ្រាប់ត្រូវបានបាញ់ឆ្ពោះទៅ កាន់សមុទ្រខាងលិចរបស់កូរ៉េខាងជើង នៅម៉ោង៧៖០០នាទីព្រឹក (ម៉ោងក្នុងតំបន់)។ អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូងបន្ថែមថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកកំពុងធ្វើការវិភាគលើការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើង។
កាលពីថ្ងៃចន្ទម្សិលមិញ កូរ៉េខាងជើងបានអះអាងថា លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យនិងបញ្ជាដោយផ្ទាល់លើការបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ស៊េរីថ្មីចំនួន២គ្រាប់ ដែលជាប្រភេទមីស៊ីលបាញ់ចេញពីនាវាមុជទឹក កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។ មីស៊ីលគ្រូសយុទ្ធសាស្ត្រស៊េរីថ្មីនេះមានឈ្មោះថា Pulhwasal-3-31 ហើយកាលពីសប្ដាហ៍មុន កូរ៉េខាងជើងក៏បានធ្វើតេស្ដបាញ់មីស៊ីលប្រភេទនេះដែរ។
ផ្ទុយពីមីស៊ីលបាលិស្ទីគ ការធ្វើតេស្ដមីស៊ីលគ្រូស មិនត្រូវបានហាមឃាត់នៅក្រោមទណ្ឌកម្មសព្វថ្ងៃរបស់អង្គការសហប្រជាជាតិ ប្រឆាំងនឹងកូរ៉េខាងជើងនោះទេ៕
ដោយ៖ ធីរីណា