ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តព្រះសីហនុ ជាខេត្តដែលពោរពេញទៅដោយសក្តានុពលលើវិស័យទេសចរណ៍ និងជាតំបន់សេដ្ឋកិច្ចពហុបំណងរបស់កម្ពុជា ដែលមានលក្ខខណ្ឌសមស្របក្នុងការវិនិយោគលើគ្រប់វិស័យ

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ បានថ្លែង​ថា​ ខេត្តព្រះសីហនុ ជាខេត្តដែលពោរពេញទៅដោយសក្តានុពលលើវិស័យទេសចរណ៍ និងជាតំបន់សេដ្ឋកិច្ចពហុបំណងរបស់កម្ពុជា ដែលមានលក្ខខណ្ឌសមស្របក្នុងការវិនិយោគលើគ្រប់វិស័យ ។ រាជរដ្ឋាភិបាលបានយកចិត្តដាក់ខ្ពស់លើខេត្តព្រះសីហនុ ក្នុងគោលបំណងជំរុញបន្ថែមនូវការអភិវឌ្ឍដ៏លឿន និងឆាប់រហ័សរបស់ខេត្ត ក៏ដូចជាទាក់ទាញវិនិយោគិនបរទេសបន្ថែមទៀតមកកាន់ខេត្តឱ្យបានកាន់តែច្រើន ។ 

សម្តេច​ធិបតី​ បានថ្លែង​បន្តថា​ ខេត្តព្រះសីហនុ បាន និងកំពុងរៀបចំបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ការវិនិយោគ ពិសេស កំពង់ផែទឹកជ្រៅ ដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ធ្នូ ២០២៣ សម្រាប់ជំរុញលើវិស័យឡូជីស្ទីកនៅកម្ពុជា ។

រាជរដ្ឋាភិបាល នីតិកាលទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ កាលពីថ្ងៃទី២៤ សីហា ២០២៣ ដោយក្នុងបញ្ចកោណទី២ គឺការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនការប្រកួតប្រជែង ដែលកិច្ចការអាទិភាពទី៤ គឺផ្តោតលើការពង្រឹងប្រសិទ្ធភាព និងភាពទាក់ទាញ នៃតំបន់សេដ្ឋកិច្ចពិសេស សំដៅទាក់ទាញវិនិយោគផ្ទាល់ពីបរទេស និងក្នុងស្រុក ដើម្បីគាំទ្រដល់ការបង្កើតការងារ និងការលើកស្ទួយជីវភាពប្រជាជន៕

ដោយ​៖ តារា​


ចែករំលែក៖