ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុត​! ម្ចាស់រថយន្តហ្វតពាក់ស្លាកលេខ ភ្នំពេញ 2BY-8286 ចូលខ្លួនមកធ្វើកិច្ចសន្យានិងដោះចេញអំពូលភ្លើង កែច្នៃខុសលក្ខណៈបច្ចេកទេសដោយខ្លួនឯង

ចែករំលែក៖

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹងថា​ ម្ចាស់រថយន្តហ្វតពាក់ស្លាកលេខ ភ្នំពេញ 2BY-8286 ចូលខ្លួនមកធ្វើកិច្ចសន្យានិងដោះចេញអំពូលភ្លើង កែច្នៃខុសលក្ខណៈបច្ចេកទេសដោយខ្លួនឯង​ នៅប៉ុស្តិ៍នគរបាលទួលសង្កែ២។ 

ប្រភពដដែលបន្តថា​ ជាក់ស្ដែង​នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ម្ចាស់រថយន្តហ្វតពាក់ស្លាកលេខ ភ្នំពេញ 2BY-8286 បំពាក់អំពូលភ្លើងខុសលក្ខណៈបច្ចេកទេសប៉ះពាល់សណ្តាប់ធ្នាប់សុវត្ថិភាពសាធារណៈ បានចូលខ្លួនមកប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ២ ខណ្ឌប្ញស្សីកែវ ដើម្បីដោះចេញអំពូលភ្លើង កែច្នៃខុសលក្ខណៈបច្ចេកទេសនៅចំពោះមុខសមត្ថកិច្ចនិងធ្វើការអប់រំ ហើយឲ្យធ្វើកិច្ចសន្យាបញ្ឈប់បំពាក់អំពូលភ្លើង កែច្នៃខុសលក្ខណៈបច្ចេកទេសដោយខុសច្បាប់។ 

គួរជម្រាបថា​ នៅយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤​ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចុះអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង​ បានធ្វើការឃាត់រថយន្តបំពាក់អំពូលភ្លើង កែច្នៃខុសលក្ខណៈបច្ចេកទេស ហើយសមត្ថកិច្ចបានឱ្យម្ចាស់រថយន្តដោះចេញដោយខ្លួនឯង និងធ្វើកិច្ចសន្យាបញ្ឈប់បំពាក់អំពូលភ្លើង កែច្នៃខុសលក្ខណៈបច្ចេកទេសដោយខុសច្បាប់តទៀត៕

ដោយ​៖ តារា​


ចែករំលែក៖