ភ្នំពេញ ៖ ជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់យកកាបូបលុយពីដៃបុរសចំណាស់ម្នាក់បានសម្រេចហើយគេចខ្លួនបាត់ដោយសុវត្តិភាព ខណៈដែលជនរងគ្រោះកំពុងដើរឆ្លងផ្លូវទៅរកហូបបាយ អស់លុយជិត១ពាន់ដុល្លារនិងឯកសារផ្ទាល់ខ្លួនមួយចំនួន។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុងរោងចក្រQMI ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ សេន ផុន ភេទប្រុស អាយុ៦០ឆ្នាំ មានទីលំនៅក្បែរកន្លែងកើតហេតុ។ សម្ភារបាត់បង់មាននៅក្នុងកាបូបមានប្រាក់៧០០ដុល្លារ ប្រាក់រៀលមួយចំនួន អត្តសញ្ញាណប័ណ្ណ២សន្លឹក និងឯកសារមួយចំនួនទៀត។
តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះដើរចេញពីផ្ទះនៅក្បែរនោះ ដោយដៃមានកាន់កាបូបយួរដៃមួយផង ដើរឆ្លងផ្លូវក្នុងគោលបំណងទៅរកហូបបាយ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ជិះម៉ូតូហុងដាវ៉េវ ពណ៌ខ្មៅ មិនចាំស្លាកលេខ ជិះពីត្បូងទៅជើងធ្វើសកម្មភាពឆក់យកកាបូបពីដៃជនរងគ្រោះទៅបាត់ហើយគេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវ ស្វែងរកចាប់ខ្លួនជនសង្ស័យមកដាក់ទោសតាមច្បាប់៕
ដោយ៖ សុខាសែនជ័យ