ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចុះបង្ក្រាបបទល្មើសនេសាទ រុះរើរបាំងសាច់អួនក្រឡាល្អិត ០៧ខ្សែ ប្រវែង១២៥០ម៉ែត្រ ក្នុងមូលដ្ឋានស្រុកក្រគរ

ចែករំលែក៖

ខេត្ត​ពោធិ៍សាត់៖ កម្លាំងសមត្ថកិច្ចចម្រុះសហការជាមួយរដ្ឋបាលជលផលខេត្តពោធិ៍សាត់ ចុះបង្ក្រាបបទល្មើសនេសាទ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ចាប់ពីឃុំកំពង់លួង រហូតដល់ ចំណុចជ្រោយស្ដី ភូមិ ត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្ដពោធិ៍សាត់ ។​ នេះបេី​យោង​តាមប្រភពព័ត៌មានពីខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់​ បានឱ្យដឹងនៅថ្ងៃ​ទី៣១​ ខែមករា​ ឆ្នាំ​២០២៤។ ​

ជាក់ស្ដែងក្រុមការងារខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដឹកនាំដោយ លោក ឆាយ មន នាយរងខណ្ឌរដ្ឋបាលជល​ផលពោធិ៍សាត់ មាននាយ-នាយរងផ្នែករដ្ឋបាលជលផលក្រគរ កម្លាំងសង្កាត់កំពង់លួង សហកា​ជាមួយ ក្រុមការងារថ្នាក់ជាតិ មានលោកតំណាង អធិការរដ្ឋបាលជលផលខាងត្បូង​បឹងទន្លេសាប លោកតំណាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកវរសេនីយ៍ទោ នួន សាវឿន តំណាង​អគ្គស្នងការនគរបាលជាតិ កងរាជអាវុធហត្ថខេត្ដ-ស្រុកក្រគរ យោធាខេត្ដ ដោយប្រើប្រាស់​កម្លាំង​សរុបចំនួន ២៥នាក់ មធ្យោបាយកាណូតចំនួន ៣ គ្រឿងបានចេញប្រតិបត្តិការ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលចាប់ពីឃុំកំពង់លួង រហូតដល់ ចំណុចជ្រោយស្ដី ភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្ដពោធិ៍សាត់​ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ម្សិលមិញនេះ​។ 

ក្នុងប្រតិបត្តិការនោះ មន្ដ្រីជលផលបានឱ្យដឹងថា ក្រុមការងារ បានបន្ដចុះបង្រ្កាប រុះរើ កាត់ច្រឹបរបាំងខុសក្រឡា និងលើសប្រវែង ដើម្បីបើកផ្លូវឲ្យត្រី ធ្វើចរាចរណ៍ចុះទៅក្រោម ជាលទ្ធផល០២ ករណី

*ករណី ០១

– របាំងសាច់អួនក្រឡាល្អិត ០៧ខ្សែ ប្រវែង ១២៥០ម៉ែត្រ

– លូកងសាច់អួន ចំនួន ៦មាត់

– ក្បាលបរ ចំនួន ០១គ្រឿង

– បង្គោល ចំនួន ២៥០ដើម

– ចាក់លែងត្រី ៤០គីឡូក្រាម

*ករណីទី០២ បានប្រទះឃើញកាណូត ០២គ្រឿង កំពុងដឹកជញ្ជូនលៀសប្រភេទចំណីសត្វ ចំនួន១៦០ ការុង ដោយគ្មានលិខិតអនុញ្ញាត ស្ថិតនៅ ភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ភ្លាមៗនោះ ក្រុមការងារបានឯកភាពគ្នា ឃាត់ចាប់កាណូតទាំង ០២គ្រឿង ព្រមទាំងបានយកលៀសនោះទៅ លែងចូលទន្លេវិញ ។

ចំពោះមធ្យោបាយកាណូត ត្រូវបាន​រក្សាទុកជាបណ្ដោះអាសន្ន ៕

ដោយ៖ អរុណរះ


ចែករំលែក៖