ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ព្រមទាំង​រឹបអូសគ្រឿងញៀនជាង១០គីឡូក្រាម

ចែករំលែក៖

ភ្នំពេញ៖ កម្លាំង​នគរបាល​ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានឱ្យដឹងនៅរសៀលថ្ងៃ​ទី០២​ ខែកុម្ភៈ​ ឆ្នាំ​២០២៤នេះថា​ កម្លាំង​ជំនាញ​ បានចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្ក្រាបករណីគ្រឿងញៀន និងឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ និងរឹបអូសគ្រឿងញៀនជាង១០គីឡូក្រាម ក្នុងរាជធានីភ្នំពេញ។ 

ប្រសាសន៍សំខាន់ៗ​ អនុវត្តតាមបញ្ជារបស់ លោកនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ និងលោកឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង២០៖១៥នាទី កម្លាំងជំនាញ (ក១) នៃមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន ដឹកនាំដោយឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរ, លោកឧត្តមសេនីយ៍ត្រី ពុធ ស៊ុនរស្មី នាយករងមន្ទីរ និងវរសេនីយ៍ឯក គង់ សីវឌ្ឍនា នាយការិយាល័យ មានការចូលរួមពីកម្លាំងជំនាញរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការ ដឹកនាំសម្របសម្រួលដោយលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ បង្រ្កាបនៅចំណុច ៤គោលដៅផ្សេងគ្នា៖

* គោលដៅទី១៖ នៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ លទ្ធផល៖ ឃាត់ជនសង្ស័យម្នាក់ ឈ្មោះ ខាត់ សាវុធ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ។ វត្ថុតាងចាប់យកបាន សារធាតុញៀនចំនួន ប្រភេទ MDMA សរុបចំនួន ៣០០កញ្ចប់ ទម្ងន់ ២ ៦២១.១០ក្រាម និងម៉ូតូកង់បី១គ្រឿង។

* គោលដៅទី២៖ នៅវេលាម៉ោង២១៖១០នាទី បន្ទប់ជួលលេខ៨ ផ្លូវលំ ភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ លទ្ធផល៖ ឃាត់ជនសង្ស័យម្នាក់ ឈ្មោះ ច័ន្ទ សុភ័ក្រ ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ, វត្ថុតាងចាប់យកបាន សារធាតុញៀន ចំនួន ៨៧៣ កញ្ចប់ ទម្ងន់ ៧ ៦៤៥.៩៣ក្រាម និងម៉ូតូ១គ្រឿង។

* គោលដៅទី៣៖ វេលាម៉ោង២២៖៣០នាទី ក្បែរផ្សារសូរិយា សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ លទ្ធផល៖ ឃាត់ជនសង្ស័យម្នាក់ ឈ្មោះ វ៉ាន់ សុធារាជ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ។

* គោលដៅទី៤៖ វេលាម៉ោង ២៣៖៣០នាទី ក្បែររង្វង់មូលនាងមច្ឆា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ លទ្ធផល៖ ឃាត់ជនសង្ស័យម្នាក់ ឈ្មោះ សុខ យ៉ាង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម។ វត្ថុតាងចាប់យកបានម៉ូតូ១គ្រឿង។ 

សរុបសារធាតុញៀនប្រភេទ (MDMA) ចំនួន១ ១៧៣ កញ្ចប់ ទម្ងន់១០ ២៦៧.០៣ ក្រាម (១០គីឡូក្រាម ២៦៧.០៣ក្រាម)។ 

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកបាន ត្រូវសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី៕


ចែករំលែក៖