ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចជួយសង្គ្រោះបុរស២នាក់ដែលបាត់ខ្លួនអំឡុងពេលជិះអូប័រទៅស្ទូចត្រីនៅក្បែរកោះយាយ ខេត្តព្រះសីហនុ

ចែករំលែក៖

ព្រះសីហនុ៖ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤នៅទីបញ្ជាការជួរមុខ (កោះព្រាប) នៅក្រុងព្រះសីហនុ មេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការរដ្ឋាននៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ (គ.ជ.ស.ស) ប្រាប់ថា កង ការពារកោះពូលូវ៉ៃលេខ៥ នៃបញ្ជាការដ្ឋានការពារកោះឆ្នេរ បានស្វែងរកឃើញមនុស្ស២នាក់ ដែលបានបាត់ ខ្លួនហើយនៅមានជីវិតនិងអូប័រ ១គ្រឿង នៅកណ្ដាលលម្ហសមុទ្រជិតកោះយាយ,កោះពូលូវ៉ៃ ខេត្ដព្រះសីហនុ កាលពីល្ងាចថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤។

ឧត្ដមនាវីទោ លី ហួតនមេបញ្ជាការទីបញ្ជាការជួរមុខ បានឱ្យដឹងថា ករណីស្វែងរកឃើញមនុស្ស២នាក់ដែលបាត់ខ្លួន និងអូប័រ១គ្រឿងនោះមូលហេតុដោយសារអូប័រអស់សាំង នៅអណ្ដែតលើផ្ទៃសមុទ្រ រយៈពេល៣ថ្ងៃមកជិតដល់កោះយាយ កោះពូលូវ៉ៃ អ្នកទាំងពីរនៅរស់រានមានជីវិត ប៉ុន្តែដាច់បាយ ០៣ថ្ងៃ មកហើយ។ ឥឡូវនេះ បានកងទ័ពជើងទឹកឈជើងនៅកោះពូលូវ៉ៃ នៃបញ្ជាការដ្ឋានការពារកោះ ឆ្នេរ យកចិត្តទុកដាក់ថែរក្សាសុខភាព ផ្ដល់ការហូបចុក សំលៀកបំពាក់ ស្នាក់នៅបានល្អ។

ជនរងគ្រោះឈ្មោះ WANG JIN QIAN ភេទប្រុស ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EB3443433 មករស់ខេត្តព្រះសីហនុ កាលពីឆ្នាំ២០១៩ ប្រកបមុខរបរជាប្រធានក្រុមហ៊ុនសាងសង់សំណង់មូលដ្ឋានទ័ពអាកាសកងកេង ម៉ៅការពីក្រុមហ៊ុនបារាំង និងឈ្មោះ CAO ZHI BIN ភេទប្រុស ជនជាតិចិន កាន់លិខិត ឆ្លងដែនលេខ E09847302 (អ្នកបើកបរអូប័រ) ដែលបាត់ដំណឹងតាំងពីម៉ោងប្រហែល ១២ថ្ងៃត្រង់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។

គួរបញ្ជាក់ថា ករណីសមត្ថកិច្ចស្វែងរកមនុស្ស ២នាក់ និងអូប័រ ០១គ្រឿងនេះ គឺយោងតាមសេចក្ដីរាយការណ៍ ឬបណ្ដឹងពីឈ្មោះ អ៊ឹម សុភ័ក្ត្រ ភេទស្រី អាយុ ១៨ឆ្នាំ កាន់អត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរលេខ ០១១៤៤៩៨៧១ ត្រូវជាកូនប្រសារស្រី និងប្តីឈ្មោះ Wang Weiwen ភេទប្រុស អាយុ ៣៦ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EJ៦៤៥៧៥៧៧៩ ជាកូនបង្កើតរបស់ជនរងគ្រោះឲ្យ ដឹងថា កាលពីវេលាម៉ោង ១២ ថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២៤ ដោយអ្នកទាំងពីរខាងលើបានបើកអូប័រ ១ គ្រឿង ចេញទៅសមុទ្រស្ទួចត្រី រហូតដល់ម៉ោង ២០និង ១០នាទី ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ បានបាត់ដំណឹងទាក់ទងលែងបានរហូតដល់ពេលរកឃើញនេះ ៕

ដោយ៖ សូរិយា


ចែករំលែក៖