ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានក្លឹបអ្នកកាសែតកម្ពុជា ៖ «ខ្មោចទាញភួយ»… !

ចែករំលែក៖

ភ្នំពេញ ៖ ពីររាត្រីលើទឹកដីលួងប្រាបាងភាគខាងជើងនៃប្រទេសឡាវបានបន្សល់នូវអនុស្សាវរីយ៍ជំនឿអរូបិយ៍និយាយពីខ្មោចព្រាយបិសាចដែលលងភ្ញៀវមកស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយប្រាំនៅពីរកន្លែងផ្សេងគ្នា។ រឿងរ៉ាវខ្មោចលងអន្ទងព្រលឹងនេះ ពុំត្រូវបានគេដំណាលប្រាប់គណប្រតិភូកម្ពុជាដែលមកចូលរួមប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ានឡើយ។ នេះជាសំណេរ របស់លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា ខណះលោកចេញទៅបំពេញការងារក្រៅប្រទេស។ 

លោកថ្លែងថា ៖ រហូតដល់យប់ចុងក្រោយ ខ្ញុំក៏បានទៅពិសាអាហារពេលល្ងាចជាមួយមិត្តភក្តិក្នុងសណ្ឋាគារលំដាប់ផ្កាយប្រាំមួយកន្លែងដែលមាននារីរហូតដល់ទៅបីនាក់។ ទីនោះហើយ ដែលការជជែកពិភាក្សាការងារបានអូសអន្លាយរហូតដល់រឿងរ៉ាវជំនឿផ្សេងៗ ហើយក៏ធ្លាក់ដល់រឿងខ្មោចលងដែលនារីទាំងនោះចាប់ផ្តើមតំណាលមុន បន្ទាប់ពីពួកគាត់សួរខ្ញុំថាមានបានជួបហេតុការណ៍អ្វីគួរឱ្យរន្ធត់ដែរឬទេ? ខ្ញុំក៏សួរវិញថា ហេតុការណ៍យ៉ាងម៉េច? ពួកគេក៏ឆ្លើយវិញថា គឺខ្មោចលងហ្នឹងឯង ព្រោះសណ្ឋាគារដែលខ្ញុំស្នាក់នៅជាអតីតមន្ទីរពេទ្យ។ គ្រាន់តែឮដូច្នេះ ខ្ញុំក៏ចាប់យល់ភ្លាមថាវាអាចសមហេតុផលម្យ៉ាងដែរ ព្រោះមន្ទីរពេទ្យតែងមានមនុស្សស្លាប់។ ចូលដល់វគ្គនិទានបែបព្រឺព្រួចពេលរាត្រីកាន់តែជ្រៅបែបនេះ ក៏នាំចិត្តខ្ញុំឲ្យសួរដល់អ្នកគ្រប់គ្រងភោជនីយដ្ឋាននៅសណ្ធាគារផ្កាយប្រាំនោះភ្លាមថាដែលធ្លាប់ឮគេតំណាលពីខ្មោចលងនៅទីក្រុងដ៏ចំណាស់ Luong Prabang នេះដែរឬទេ? គាត់ក៏ឆ្លើយភ្លាមថា ទីនេះ កន្លែងនេះក៏មានដែរ តែជាខ្ឦោចនារីស្អាតៗ មិនមានខ្មោចប្រុសទេ។ ពេលខ្លះខ្មោចនារីដ៏ស្រស់បវរទាំងនេះ ជួយផ្តល់លេខឆ្នោតឱ្យដល់បុគ្គលិករបស់គាត់ទៀតផង។ ខ្ញុំក៏សួរទៀតថា តើទីកន្លែងនេះជាអ្វីមុនពេលសាងសង់ជាសណ្ឋាគារ គាត់ថា ទីនេះជាកន្លែងប្រវត្តិសាស្រ្តមួយដែលមានអាយុកាល១០០ឆ្នាំហើយ ជាអតីតស្ថានទូតមួយដែលឧស្សាហ៍មានពិធីលៀងសាយភោជន៍សម្បូរណ៍ដោយនារីស្អាតៗតាំងពីពេលនោះមកម្លេះ។ ដោយសារការតំណាលទាំងពីរកន្លែងថាច្រើនតែខ្មោចនារី “ស្លៀកស ពាក់ស” ខ្ញុំក៏សម្រេចចិត្ត “ស្លៀកខ្មៅ ពាក់ខ្មៅ” នារាត្រីចុងក្រោយនេះ ដឹងអីក៏…

លោកបន្តថា ៖ សូមស្លេះសិនចុះ ព្រោះរឿងជំនឿខ្លះវាខុសពីវិទ្យាសាស្រ្តពេក បែបស្រមើស្រមៃពេក ហើយខ្ញុំក៏មិនចង់ឃើញ មិនចង់ឭថាកូនខ្មែរនាំគ្នាខ្លាចខ្មោចហួសហេតុនោះដែរ ព្រោះភាពយន្តថៃ និងភាពយន្តខ្មែរយើងខ្លះ ហាក់ដូចជាបន្លាចកូនខ្មែរឱ្យខ្លាចខ្មោចពេក នៅពេលដែលកូនអឺរ៉ុបឬកូនអាម៉េរិកាំងគេឱ្យកូនក្មេងលេងសប្បាយជាមួយរូបខ្មោចដូចជានៅថ្ងៃ Halloween ជាដើម រីឯភាពយន្តចិនវិញគេលេងរឿងខ្មោចដែរ តែបែបកំប្លែង មិនបន្លាចឱ្យបាក់ស្បាតនោះឡើយ…៕ 

ប្រភព ៖ Puy Kea


ចែករំលែក៖