សារព័ត៌មានវ៉ាស៊ីនតោនប៉ុស្ត៍ បានផ្សាយថា មេបញ្ជាការជាន់ខ្ពស់អ៊ុយក្រែន ឧត្តមសេនី Valery Zaluzhny បានវាយតម្លៃពីអនាគតដ៏អាប់អួរ ជុំវិញសង្គ្រាមជាមួយរុស្ស៊ី។ ការលើកឡើងខាងលើរបស់លោក នឹងត្រូវរដ្ឋាភិបាលអ៊ុយក្រែនដកចេញពីតំណែង។រដ្ឋាភិបាលអ៊ុយក្រែន បានជូនដំណឹងសេតវិមានអំពីផែនការដកតំណែងមេបញ្ជាការកំពូលម្នាក់ ដែលទទួលបន្ទុកដឹកនាំកិច្ចការសង្រ្គាមប្រឆាំងនឹង រុស្ស៉ី នៅចំពោះមុខភាពមិនច្បាស់លាស់នៃកញ្ចប់ជំនួយយោធាថ្មីរបស់សហរដ្ឋអាមេរិក។
ព័ត៌មានស្ដីពីផែនការដកតំណែងនាយឧត្តមសេនីយ៍ លោក Valeriy Zaluzhnyi ដែលត្រូវបានរាយការណ៍ថាមានការខ្វែងគំនិតគ្នាជាមួយលោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី កើតមានឡើង បន្ទាប់ពីប្រតិបត្តិការវាយបករបស់អ៊ុយក្រែនកាលពីឆ្នាំមុន បានទទួលបរាជ័យដោយមិនអាចដណ្ដើមបានទឹកដីធំដុំណាមួយ ពីកងទ័ពរុស្ស៉ីមកវិញឡើយ។ ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើប្រភពជិតស្និទ្ធនឹងការិយាល័យលោក ហ្សេលេនស្គី បានឱ្យដឹងថាលោក ហ្សេលេនស្គី និងលោក Zaluzhnyi កើតមានជម្លោះនឹងគ្នាជុំវិញការកែនកងទ័ពបន្ថែម ដោយលោកប្រធានាធិបតីអ៊ុយក្រែនបានជំទាស់នឹងសំណើសុំកែនកងទ័ពថ្មី ៥០០,០០០នាក់ របស់លោក Zaluzhnyi។
ប៉ុន្តែ ប្រភពនេះដដែលបានបញ្ជាក់ថាដំណើរការដកលោក Zaluzhnyi ចេញពីតំណែងជាអគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ត្រូវការពេលវេលាមួយ ចំនួន ខណៈភាគីទាំង២ កំពុងធ្វើការជាមួយគ្នាពីជំហានបន្ទាប់។ ម្យ៉ាងវិញទៀត វាក៏មិនច្បាស់នោះដែរថាតើដំណើរការដកតំណែងនេះនឹងត្រូវចំណាយពេលយូរ ឬឆាប់នោះទេ។
ដោយឡែក ប្រភពមួយផ្សេងទៀតក៏បានប្រាប់ Reuters ដែរថាសេតវិមានមិនបានបង្ហាញពីគោលជំហរអ្វីចំពោះផែនការដកតំណែងលោក Zaluzhnyi ដោយគ្រាន់តែសង្កត់ធ្ងន់ថាវាជាសិទ្ធិសម្រេចរបស់អ៊ុយក្រែនខ្លួនឯង។
គួរបញ្ជាក់ថា កាសែតអាមេរិក Washington Post គឺជាអ្នករាយការណ៍មុនគេថារដ្ឋាភិបាលអ៊ុយក្រែនបានជូនដំណឹងដល់សេតវិមានពីផែនការបណ្ដេញលោក Zaluzhnyi ចេញពីតំណែង៕ ដោយ៖ ធីរីណា
រូបថត៖ AFP