ព័ត៌មានទាន់ហេតុការណ៍៖

ឪពុកនិងកូនប្រុស២នាក់ស្លាប់ខណៈកំពុងជិះម៉ូតូតាមផ្លូវត្រូវរថយន្តបើកមិនប្រកាន់ស្តាំបុកនៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់បំផុតមួយបានកើតឡើង ខណៈដែលឪពុកនិងកូនប្រុស២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយកំពុងជិះម៉ូតូតាមផ្លូវសុខៗត្រូវរថយន្ត LEXUS LX570 បើកមិនប្រកាន់ស្តាំបុកបញ្ច្រាសពេញទំហឹងលាន់សូរដូចរន្ទះ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរនាំគ្នាចោមរោមមើលនៅក្រុងបាវិត។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤និង១០នាទីរសៀលថ្ងៃទី ០៣ ខែ កុម្ភ: ឆ្នាំ ២០២៤ នៅលើផ្លូវក្រាលកៅស៊ូ (ផ្លូវតាព្រឹម) ស្ថិតនៅក្នុងភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថា ឪពុកនិងកូនៗដែលស្លាប់មាន១-ឈ្មោះ សួស តាក់ច័ន្ទធីតា អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅក្នុងភូមិព្រៃរំដួល ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង បើកម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1L-8457ខូចខាតទាំងស្រុង។ ២-ឈ្មោះ ខ្លា រ៉ាដែន  អាយុ០៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅក្នុងភូមិខ្ទប់ខ្សាច់ ឃុំមេសរថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀង និង៣-ឈ្មោះ ខ្លា ចិត្រ្តា អាយុ ០២ ឆ្នាំ ។

ចំណែកអ្នកបើករថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ WEN XIAOLONG ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន មុខរបរអាជីវករលក់ដូរក្នុងតំបន់កាស៊ីណូសៀងហៃ មានទីលំនៅបច្ចុប្បន្នភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង និង អ្នករួមដំណើរឈ្មោះ JI LINGEN ភេទ ប្រុស អាយុ ៣៤ឆ្នាំ ជនជាតិចិន មុខរបរអាជីវករ មានទីលំនៅបច្ចុប្បន្នភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ដោយបើករថយន្តម៉ាក LEXUS LX570 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-5833 ខូចខាតយ៉ាងដំណំ។

តាមសាក្សីបានអោយដឹងថា មុនកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកHONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1L-8457ជិះគ្នា៣នាក់ដោយធ្វើដំណើរពីត្បូងទៅជើង ខណៈនោះស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកLEXUS LX570 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-5833 ធ្វើដំណើរបញ្រាសគ្នាដោយមិនប្រកាន់ស្តាំ ក៏មកបុកម៉ូតូយ៉ាងពេញទំហឹងឮសូរដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរចោមរោមមើលនិងរាយការណ៍ទៅសមត្ថកិច្ចនិងបានឃាត់ខ្លួនអ្នកបើកបរបង្កហេតុនិងអ្នករួមដំណើរយកទៅសាកសួរផងដែរ។

បច្ចុប្បន្ន អ្នកបើកបររថយន្តសមត្ថកិច្ច បានឃាត់ខ្លួនយកមកអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីសាកសួរនិងចាត់ការតាមនីតិវិធីច្បាប់ ។

ចំណែកសាកសព សមត្ថកិច្ចបានធ្វើកំណត់ហេតុនិងប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ទាំងក្ដុកក្ដួលបំផុត។

រីឯមធ្យោបាយធ្វើដំណើរទាំង២គ្រឿងសមត្ថកិច្ចបានវាស់វែងនិងអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីចាត់ការបន្តតាមច្បាប់៕

ដោយ៖ សុថាន


ចែករំលែក៖