ព័ត៌មានទាន់ហេតុការណ៍៖

សង្គ្រាមរាលដាលកាន់តែធំ ក្រុមប្រឹក្សាសន្តិសុខ UN នឹងកោះប្រជុំនាដើមសប្តាហ៍ក្រោយ

ចែករំលែក៖

សារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានផ្សាយថា ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UN) នឹងបើកកិច្ចប្រជុំបន្ទាន់មួយនារសៀលថ្ងៃចន្ទដើមសប្តាហ៍ក្រោយនេះ ពាក់ព័ន្ធការវាយប្រហាររបស់ទីក្រុងវ៉ាស៉ីនតោននៅប្រទេសអ៉ីរ៉ាក់និងស៉ីរី ដែលជាសកម្មភាពសងសឹកសម្រាប់ការស្លាប់នៃទាហានអាមេរិក ៣នាក់។
ប្រភពពីក្រុមអ្នកការទូតបានប្រាប់ AFP ឱ្យដឹងថា កិច្ចប្រជុំបន្ទាន់ខាងលើដែលត្រូវបានស្នើឡើងដោយសមាជិកអចិន្រ្តៃយ៍គឺប្រទេសរុស្ស៉ី នឹងប្រព្រឹត្តទៅនាវេលាម៉ោង៤រសៀលថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ (ម៉ោងនៅទីក្រុងញូវយ៉ក) ហើយវានឹងពិភាក្សាជុំវិញការវាយប្រហារធ្វើឡើងដោយយោធាអាមេរិក ប្រឆាំងនឹងក្រុមចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់ ដែលទីក្រុងវ៉ាស៉ីនតោនចោទថា បានវាយប្រហារលើកងទ័ពអាមេរិក ដែលឈរជើងនៅក្នុងតំបន់។
កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ លោក Dmitry Polyansky ដែលជាមន្រ្តីការទូតរុស្ស៉ីប្រចាំ UN បាននិយាយថា ទីក្រុងមូ៉ស្គូទើបតែបានទាមទារឱ្យមានការកោះប្រជុំបន្ទាន់មួយនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជុំវិញការគំរាមកំហែងចំពោះសន្តិភាពនិងសុវត្ថិភាព ដែលបង្កឡើងដោយការវាយប្រហាររបស់អាមេរិកលើទឹកដីស៉ីរីនិងអ៉ីរ៉ាក់។ មនុស្សជិត៤០នាក់ ត្រូវបានរាយការណ៍ថាស្លាប់ក្នុងការវាយប្រហារនោះ៕ ដោយ៖ ធីរីណា

រូបថត៖ AFP


ចែករំលែក៖