ព័ត៌មានទាន់ហេតុការណ៍៖

ចៅក្រម​ស៊ើបសួរសាលាដំបូង​រាជធានីភ្នំពេញ សម្រេច​ឃុំ​ខ្លួន​ជនត្រូវចោទ​ ០២នាក់ ពី​បទ​រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនជាង ៧គីឡូក្រាម

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាម​សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ស្តីពី​ ចំណាត់ការសំណុំរឿងពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនជាង ៧គីឡូក្រាម។ 

អ្នកនាំពាក្យ​សាលាដំបូងរាជធានីភ្នំពេញ​ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនជ្រាបថា នៅថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បាន និងកំពុងចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ ៧០០ ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងករណីជួយដូរគ្រឿងញៀនជាប្រភេទកេតាមីន(KETAMINE) ទម្ងន់ ៤,៩៧៣.៨០ក្រាម និង ប្រភេទអុិចស្តាស៊ី(MDMA) ទម្ងន់ ២,៥២៨ក្រាម ដែលមានជនត្រូវចោទមានខ្លួនចំនួន ២ (ពីរ)នាក់៖ ១. ឈ្មោះ ប្រាក់ ភិរម្យ ភេទប្រុស អាយុ៤៩ឆ្នាំ សញ្ជាតិខ្មែរ និង ២. ឈ្មោះ ផា វុត្ថា ភេទប្រុស អាយុ៤០ឆ្នាំ សញ្ជាតិខ្មែរ និងជនត្រូវចោទគេចខ្លួនចំនួន ២ (ពីរ)នាក់ ៖ ១. ឈ្មោះ ខែក ចាន់រិទ្ធី ភេទប្រុស អាយុ៣៩ឆ្នាំ សញ្ជាតិខ្មែរ និង ២. ឈ្មោះ ស្រី សុធី ភេទប្រុស អាយុ៥៤ឆ្នាំ សញ្ជាតិខ្មែរ ពីបទ រក្សាទុក ដឹកជញ្ជូន និងជួញដូរ ខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំ នីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ និងជនត្រូវចោទគេចខ្លួន ១ (មួយ) នាក់ទៀត ឈ្មោះ អុី ឡា ភេទស្រី អាយុប្រហែល ៣៥ឆ្នាំ ជនជាតិឡាវ សញ្ជាតិឡាវ ពីបទ ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុ ញៀន ប្រព្រឹត្តនៅចំណុចអន្លង់ឈើទាល ឃុំព្រះរំកិល ស្រុកបូរីអូរស្វាយ ខេត្តស្ទឹងត្រែង ឆ្ពោះមកកាន់រាជធានី ភ្នំពេញ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ បទល្មើសមានបញ្ញត្តិឱ្យផ្ដន្ទាទោសតាមមាត្រា ៤០ និងមាត្រា ៤៨ នៃ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

បន្ទាប់ពីសួរចម្លើយជនត្រូវចោទ និងបានពិនិត្យភស្តុតាងចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានីភ្នំពេញ សម្រេច​ឃុំ​ខ្លួន​បណ្តោះអាសន្ន​លើជនត្រូវចោទ​ចំនួន ០២នាក់ ជាប់​ចោទពី​បទល្មើស​រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា ៤០ និងមាត្រា ៤៨​ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។ 

បច្ចុប្បន្ន​ជនជាប់ចោទខាងលេីនេះ​ ត្រូវ​បានបញ្ជូនខ្លូនទៅកាន់​ពន្ធនាគារ​បណ្តោះអាសន្ន​ ដេីម្បី​អនុវត្ត​នីតិវិធី​ច្បាប់៕​

ដោយ​៖ តារា​


ចែករំលែក៖