ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់នៅកន្លែងកើតហេតុភ្លាមៗខណ:ពេលកំពុងតែជិះម៉ូតូតាមដងផ្លូវសុខៗក៏ត្រូវរថយន្តសណ្តោងធុនធំមួយគ្រឿងមកបុកហើយកិនបែកក្បាលនៅកណ្តាលផ្លូវ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះខាងលើមានឈ្មោះ ឆែម ឈុនលីម អាយុ២៣ឆ្នាំ មានស្រុកកំណើត នៅភូមិបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះខាងលើជិះម៉ូតូមួយគ្រឿងម៉ាកហុងដាMSX ពណ៌ខ្មៅលាយត្រួយចេកពាក់ផ្លាកលេខភ្នំពេញ1GS-6641 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុក៏មានរថយន្តសណ្តោងរ៉ឺម៉កមួយគ្រឿងពណ៌ខៀវពាក់ផ្លាកលេខភ្នំពេញ3G -0773 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណក្នុងទិសដៅស្របគ្នា បានជ្រុលចង្កូតបុកកិនពីក្រោយជនរងគ្រោះបណ្តាលឲ្យបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។
ចំណែកអ្នកបើកបរព្យាយាមបើករថយន្តគេចខ្លួនបានប្រហែលជិត១គីឡូម៉ែត្រក៏បើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយកម្លាំងជំនាញចរាចរណ៍នគរបាលខណ្ឌពោធិ៍សែនជ័យនិងកម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកវាស់វែងនិងយករថយន្តបង្កនិងម៉ូតូជនរងគ្រោះទៅរក្សាទុកដើម្បីដោះស្រាយគ្នានៅពេលក្រោយ។
ចំណែកសពយុវជនរងគ្រោះខាងលើសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖សុខាសែនជ័យ