ខេត្តស្វាយរៀង៖ ករណីស្លាប់៣នាក់ឪពុកនិងកូន នៅក្រុងបាវិត គ្រួសារជនរងគ្រោះទទួលបានសំណងពីភាគីបង្ក ចំនួន៥ម៉ឺនដុល្លារនិងយល់ព្រមដកពាក្យបណ្ដឹងឈប់ប្ដឹងផ្ដល់ ខណៈជនរងគ្រោះព្រមព្រៀងជាមួយភាគីបង្ក ដោយទទួលយកសំណង ហើយដកពាក្យបណ្ដឹងក៏ពិតមែននោះ ប៉ុន្ដែនីតិវិធីតាមផ្លូវតុលាការមិនត្រូវបានបញ្ចប់នោះទេ ពោលនៅតែដំណើរការតាមផ្លូវច្បាប់ដដែល។
សូមរំលឹកឡើងវិញថា មានករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់បំផុត ខណៈឪពុកនិងកូនប្រុស២នាក់ បាន ស្លាប់ភ្លាមៗនឹងកន្លែង ដោយកំពុងជិះម៉ូតូតាមផ្លូវ សុខៗ ត្រូវរថយន្ត LEXUS LX570 បើកមិនប្រកាន់ស្តាំ បុកបញ្រ្ចាសពេញទំហឹង លាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរចោមរោមមើលនៅក្រុងបាវិត។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤និង១០នាទីល្ងាច នៅថ្ងៃទី ០៣ ខែ កុម្ភ: ឆ្នាំ ២០២៤ លើផ្លូវលំក្រាលកៅស៊ូ (ផ្លូវតាព្រឹម) ស្ថិតនៅក្នុងភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថាឪពុកនិងកូនៗដែលស្លាប់មានឈ្មោះ សួស តាក់ច័ន្ទធីតា អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅក្នុងភូមិព្រៃរំដួល ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀងបើកម៉ូតូម៉ាក HONDA C125 ព៌ណខ្មៅ ពាក់ស្លាកលេខ កណ្តាល 1L-8457ខូចខាតទាំងស្រុង។
ឈ្មោះ ខ្លា រ៉ាដែន អាយុ ០៧ ឆ្នាំ មុខរបរសិស្ស មានទីលំនៅក្នុងភូមិខ្ទប់ខ្សាច់ ឃុំមេសរថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀង និងរឈ្មោះ ខ្លា ចិត្រា អាយុ ០២ ឆ្នាំ ។
ចំណែកអ្នកបើករថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ WEN XIAOLONG ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិចិន មុខរបរអាជីវករលក់ដូរក្នុងតំបន់កាស៊ីណូសៀងហៃ មានទីលំនៅបច្ចុប្បន្នភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង និងអ្នករួមដំណើរឈ្មោះ JI LINGEN ភេទ ប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិចិន មុខរបរអាជីវករ មានទីលំនៅបច្ចុប្បន្នភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ដោយបើករថយន្តម៉ាក LEXUS LX570 ព៌ណខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-5833 ខូចខាតទាំងស្រុង។
តាមសាក្សីបានអោយដឹងថាមុនកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកHONDA C125 ព៌ណខ្មៅ ពាក់ស្លាកលេខ កណ្តាល 1L-8457ជិះគ្នា៣នាក់ដោយធ្វើដំណើរពីត្បូងទៅជើង ខណះនោះស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកLEXUS LX570 ព៌ណខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-5833 ធ្វើដំណើរបញ្រាស់គ្នាដោយមិនប្រកាន់ស្តាំ ក៏បុកយ៉ាងពេញទំហឹងលឹសូរដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរចោមរោមមើលនិងរាយការណ៏មកសមត្ថកិច្ចនិងបានឃាត់ខ្លួនអ្នកបើកបរបង្កហេតុនិងអ្នករួមដំណើរមកសាកសួរផងដែរ។
បច្ចុប្បន្ន: អ្នកបើកបររថយន្តសមត្ថកិច្ច បានឃាត់ខ្លួនយកមកអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធីច្បាប់ ។
ចំណែកសាកសព: សមត្ថកិច្ច បានធ្វើកំណត់ហេតុនិងប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ទាំងក្ដុកក្ដួលបំផុត។
រីឯ មធ្យោបាយទាំង២គ្រឿងសមត្ថកិច្ចបានវាស់វែងនិងអូស យកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីចាត់ការបន្តតាមច្បាប់ ៕
ដោយ៖ សុថាន