ខេត្តមណ្ឌលគិរី ៖ ដែនជម្រកសត្វព្រៃកែវសីមា គ្របដណ្តប់ដោយព្រៃចម្រុះប្រភេទ រួមមាន ព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង ព្រៃល្បោះ និងវាលស្មៅ ព្រមទាំងមានជាសណ្តានដីច្រើនប្រភេទ តាំងពីខ្ពង់រាប ភ្នំ ទំនាប ស្ទឹង អូរ បឹង រហូតដល់ត្រពាំង ហើយមានវត្តមានព្រៃឈើនិងរុក្ខជាតិ ២៦៧ប្រភេទ ក្នុងនោះមានប្រភេទឈើប្រណិត និងឈើដែលមានតំលៃសេដ្ឋកិច្ច រួមជាមួយនិងអនុផលព្រៃឈើ និងជាជម្រកដ៏សំខាន់សម្រាប់សត្វព្រៃជាច្រើនប្រភេទ ដែលមានសត្វស្លាប ៣៥៦ប្រភេទ ថនិកសត្វ ៩៤ប្រភេទ ល្មូន ៥៤ប្រភេទ ត្រី ៦៨ប្រភេទ រួមទាំង ដំរី ខ្ទីង ទន្សោង ខ្លារខិន ស្វាកន្ទុយស ទោចថ្ពាល់លឿង ខ្លាឃ្មុំធំ ស្វាអង្កត់ ខ្លាពពក ភេ កង្កែបស្នែងអូរាំង ត្រយងយក្ស ក្រៀល ក្ងោក ជាដើម។ រុក្ខជាតិ និងសត្វព្រៃ បំពេញមុខងារឱ្យគ្នាទៅវិញទៅមក បង្កើតនូវប្រព័ន្ធអេកូឡូស៊ីធម្មជាតិ ដែលសម្របនឹងស្ថានភាពភូមិសាស្រ្ត និងមានប្រភពទឹកពេញមួយឆ្នាំ។ នេះជាការបញ្ជាក់ពីលោកបណ្ឌិត សាម អុីន ជាមួយឯកសារយោង ពីក្រសួងបរិស្ថាន ។
តំបន់នេះត្រូវបានកំណត់ជាតំបន់ការពារធម្មជាតិនៅក្នុងឆ្នាំ២០១៦ ដែលមានផ្ទៃដីចំនួន ២៩២ ៦៩០ ហ.ត ក្នុងភូមិសាស្រ្តខេត្តមណ្ឌលគីរី និងខេត្តក្រចេះ និងជាតំបន់ការពារធម្មជាតិដែលរាជរដ្ឋាភិបាលបានរៀបចំគម្រោងរេដបូកទីមួយ ហើយបានលក់ឥណទានកាបូនដំបូងគេបង្អស់ ក្នុងទីផ្សារកាបូនស្ម័គ្រចិត្តអន្តរជាតិនៅឆ្នាំ២០១៦។
ជាតំបន់ការពារធម្មជាតិដែលមាននិរន្តរភាពថវិកា សម្រាប់ការការពារធនធានធម្មជាតិ ការទ្រទ្រង់សេដ្ឋកិច្ចមូលដ្ឋាន ការលើកកម្ពស់តម្លៃសង្គមវប្បធម៌ និងការអភិវឌ្ឍទេសចរណ៍ធម្មជាតិ។
សម្រាប់អ្នកចូលចិត្តទេសភាពធម្មជាតិដ៏ស្រស់ស្អាត ស្រឡាញ់ចង់ស្គាល់សត្វព្រៃ និងប្រពៃណីវប្បធម៌ជនជាតិដើមភាគតិច ដែនជម្រកសត្វព្រៃកែវសីមា ជាកន្លែងដែលអ្នកគួរទៅភ្លក់រសជាតិ យកបទពិសោធន៍ជីវិត៕
ដោយ ៖ បណ្ឌិត សាម អុីន