ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តក្នុងល្បឿនលឿនដល់ផ្លូវបំបែកជាបួន មិនប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូឡំប្រឺតា បើកឆ្លងផ្លូវពេញទំហឹងក្រឡាប់កង់បីផ្ងារជើង បណ្តាលឲ្យស្រ្តីម្នាក់និងបុរសជាម្ចាស់កង់បី រងរបួសធ្ងន់ដឹកទៅសង្រ្គោះភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង ៩និង៣០នាទីយប់ថ្ងៃទី ៥ ខែកុម្ភៈឆ្នាំ ២០២៤ នៅតាមបណ្តោយផ្លូវលេខ៣៨៨កែងនឹងផ្លូវលេខ២០៥ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ បុរសម្នាក់បានបើកម៉ូតូឡំប្រឺតាពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 1HD-2142 បានដឹក ស្រ្តីម្នាក់ ជាភ្ញៀវនៅពីក្រោយធ្វើដំណើរតាមបណ្ដោយផ្លូវ លេខ២០៥ ក្នុងទិសដៅពីកើតមកលិច ខណៈបើកមកដល់ចំណុចកើតហេតុដែលជាផ្លូវបែកជាបួន ស្របពេលមានរថយន្តម៉ាកtoyota prius មួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2AS-1242 បើកដោយបុរសម្នាក់ធ្វើដំណើរចេញពីផ្លូវលេខ៣៨៨ ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន ពេលបើកមកដល់ចំណុចកើតហេតុមិនបង្អង់ ក៏ជ្រុលទៅបុកម៉ូតូឡំប្រឺតាពេញទំហឹង ប៉ើងក្រឡាប់ផ្ងារជើង ចំណែកអ្នកបើកកង់បីនិងស្រ្តីជាភ្ញៀវបានធ្លាក់ចេញពីក្នុងឡំប្រឺតារងរបួសធ្ងន់ទាំងពីរនាក់ ត្រូវបានរថយន្តសាមុយដឹកទៅសង្គ្រោះបន្ទាន់ភ្លាមៗ ចំណែកឯបុរសជាអ្នកបើករថយន្តត្រូវសមត្ថកិច្ចឃាត់ខ្លួន។
បន្ទាប់ពីកើតហេតុដោយភាគីទាំងសងខាងមិនអាចសម្រួលគ្នាបានទើបសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនទៅសមត្ថកិច្ចជំនាញចរាចរណ៍ ឲ្យចុះមកវាស់វែងធ្វើកំណត់ហេតុយករថយន្តនិងឡំប្រឺតាយកទៅរក្សាទុករង់ចាំឲ្យភាគីទាំងសងខាងដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ ជ្រោយពេជ្រ