ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យ​៖​ មួយសប្ដាហ៍នេះ មានគ្រោះអគ្គិភ័យ២៧ករណី ឆេះផ្ទះពលរដ្ឋ២៩ខ្នង ទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ៖ ត្រឹមរយៈពេលមួយសប្ដា៍ គិតចាប់ពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី៥ ខែកម្ភៈ ឆ្នាំ២០២៤ម្សិលមិញនេះ​ យ៉ាងហោចណាស់ មានគ្រោះអគ្គិភ័យកើតឡើងចំនួន២៧ករណី នៅទូទាំងប្រទេស ដែលសមត្ថកិច្ច អាជ្ញាធរ ចំណុះក្រសួងមហាផ្ទៃ និងភាគីពាក់ព័ន្ធផ្សេងៗទៀតបានចូលរួមអន្តរាគម។ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

បើតាមលោក ទូច សុឃៈ (សុខៈ) ពីចំណែកនៃគ្រោះអគ្គិភ័យទាំង២៧ករណីនេះ បានបណ្ដាលឱ្យឆេះផ្ទះសម្បែងប្រជាពលរដ្ឋ ចំនួន២៩ខ្នង ក្រៅពីនេះក៏មានករណីឆេះព្រៃ៨កន្លែង និងករណីឆេះរោងបាយ រោងហូបអាហារ ចំបើង និងទីស្នាក់អាស្រ័យមួយចំនួនទៀតផងដែរ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានអំពាវនាវឱ្យប្រជាពលរដ្ឋ ទាំងនៅរាជធានីភ្នំពេញ ទីប្រជុំជន និងជនបទ បង្កើនការប្រុងប្រយត្នករណីគ្រោះអគ្គិភ័យ ពីព្រោះជារៀងរាល់ឆ្នាំ ក្នុងរដូវរំហើយនេះគ្រោះអគ្គិភ័យ តែងកើតឡើងញឹកញាប់ ដែលករណីខ្លះបណ្ដាលឱ្យមានជនរងគ្រោះដល់ស្លាប់ទៀតផង។

លោកបញ្ជាក់ថា លោកឧបនាយករដ្ឋមន្ត្រី ស សុខា តែងរំលឹកជារឿយៗដល់ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំអង្គភាពជំនាញ ឱ្យបង្កើនការផ្សព្វផ្សាយអំពីវិធានការបង្ការការពារទប់ស្កាត់ ដល់ប្រជាពលរដ្ឋ។ លើសពីនេះ ចំពោះសមត្ថកិច្ចជំនាញ និងអាជ្ញាធរ គប្បីក្ដាប់ព័ត៌មានឱ្យលឿន និងចុះអន្តរាគមជាបន្ទាន់។ កាលពីឆ្នាំ២០២៣ មានគ្រោះអគ្គីភ័យកើតឡើងសរុបចំនួន៧៦១លើក កើនឡើងលើសឆ្នាំ២០២២ ចំនួន១៤៣លើក បណ្តាលឱ្យជនរងគ្រោះ៥៤នាក់ស្លាប់ និង៩៧នាក់ផ្សេងទៀតរងរបួស ខូចខាតផ្ទះ៥៧៩ខ្នង និងតូបចំនួន៥៧ ៕

ដោយ៖ តារា


ចែករំលែក៖