ខេត្តស្វាយរៀង៖ លោក តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារសម្របសម្រួលការងារគ្រប់គ្រងធនធានទឹក និងឧតុនិយម ប្រចាំខេត្តស្វាយរៀង លោក សរ សុដានី អភិបាលរងខេត្តស្វាយរៀងតំណាងលោក ប៉េង ពោធិ៍សា អភិបាលខេត្ត លោក គឹម សាវុធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង លោក ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អភិបាលស្រុករំដួល និងសហការី នាព្រឹកថ្ងៃទី៦ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជេីញចុះពិនិត្យការងារអន្តរាគមន៍កាយប្រឡាយបូមទឹកសង្គ្រោះស្រូវប្រាំង និងវឌ្ឍន្នភាព គម្រោងការងារសាងសង់ប្រឡាយរំដោះទឹក ទំនប់សណ្ដរ និងសំណង់សិល្បការ នៃប្រធារាសាស្រ្តវ៉ៃគោជំហាន២ (អាងទឹកកំពង់ជ្រៃ) នៅក្នុងខេត្តស្វាយរៀង ។
លោក គឹម សាវុធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង បានឲ្យដឹងថា ការចុះពិនិត្យការងារអន្តរាគមន៍កាយប្រឡាយបូមទឹកសង្គ្រោះស្រូវប្រាំង និងវឌ្ឍន្នភាព គម្រោងការងារសាងសង់ប្រឡាយរំដោះទឹក ទំនប់សណ្ដរ និងសំណង់សិល្បការ នៃប្រធារាសាស្រ្តវ៉ៃគោជំហាន២ (អាងទឹកកំពង់ជ្រៃ) នៅក្នុងខេត្តស្វាយរៀង រួមមាន៖
អន្តរាគមន៍បូមទឹកពីអាងទឹកកីចក បញ្ចូលតាមប្រឡាយមេកីចក និងចែកចាយទឹកតាមប្រឡាយរងមួយចំនួនទៀតតាមបណ្ដោយប្រឡាយមេកីចក ដោយប្រើម៉ាស៊ីនបូមទឹកចល័ត កម្លាំង៦៥សេះ ចំនួន ៤គ្រឿង ជួយសង្គ្រោះស្រូវប្រាំង ចំនួន ១៦៩០ហិកតា ស្មើនិង ១៧២៣គ្រួសារ ស្ថិតនៅឃុំជ្រៃធំ ឃុំមុខដា ឃុំត្រពាំងស្ដៅ ស្រុករមាសហែក និងឃុំធ្មា ឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង។
ដោយឡែក ឃុំធ្មា និងឃុំម៉ឺនជ័យ ស្រុករំដួល នៅឆ្ងាយពីកន្លែងបូមទឹកពេក ទឹកហូរមិនទាន់ដល់ មន្ទីរធនធានទឹក និងឧតុនិយម រួមជាមួយអាជ្ញាធរដែនដីស្រុករំដួល បានសម្រេចចិត្ត អន្តរាគមន៍កាយវះពោះព្រែកហែកសំណាញ់ប្រវែង ២៦០០ម៉ែត្រ ដើម្បីដាក់ម៉ាស៊ីនបូមទឹកចល័ត កម្លាំង៦៥សេះ ចំនួន២គ្រឿង បន្ថែមទៀត នាំទឹកពីអាងទឹកវ៉ៃគោ បញ្ចូលតាមប្រឡាយមេកីចក និងចែកចាយទឹកតាមប្រឡាយរងមួយចំនួនទៀតតាមបណ្ដោយប្រឡាយមេកីចក ជួយសង្គ្រោះស្រូវប្រាំង ចំនួន៤៤០ ស្មើនិង៤២៩គ្រួសារ ស្ថិតនៅឃុំម៉ឺនជ័យ និងឃុំធ្មា ស្រុករំដួល ខេត្តស្វាយរៀង។
អន្តរាគមន៍កាយវះពោះប្រឡាយមេក្រាំងលាវ ប្រវែង ២២៥០ ម៉ែត្រ នាំទឹកពីព្រែកព្រំដែនកម្ពុជា-វៀតណាម ជួយសង្គ្រោះស្រូវប្រាំង ចំនួន២៨០ហិកតា ស្មើនិង៤០៥ គ្រួសារ ស្ថិតនៅឃុំស្វាយធំ ស្រុកស្វាយជ្រំ ។ នៅក្នុងការអន្តរាគមន៍កាយវះពោះប្រឡាយមេក្រាំងលាវនេះ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក៏បានជួយឧបត្ថម្ភប្រេង ចំនួន ២០០លីត្រ ដល់ក្រុមការងារផងដែរ។
ដោយឡែកគម្រោងនេះមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង បានស្នើសុំក្រសួងធនធានទឹក និងឧតុនិយម រួមមាន៖
-ស្ដារប្រឡាយដោះទឹកប្រវែង ៥២៩១ម
-សាងសង់សំណង់សិល្បការ ចំនួន ៩កន្លែង
*លទ្ធផលសម្រេចបានមានដូចខាងក្រោម៖
-ស្ដារប្រឡាយដោះទឹក ប្រវែង ៥៥០ម សម្រេចបាន១០០%
-សាងសង់ទំនប់សណ្ដរប្រវែង ៥៥០ម សម្រេចបាន៨០%
-សាងសង់សំណង់បិទបើកទឹក ចំនួន ២កន្លែង សម្រេចបាន ៣០%។
-ការងារសាងសង់ជំហាន់ទី១ នឹងបញ្ចប់នៅចុងខែកុម្ភៈ ឆ្នាំ២០២៤នេះ។
-ដោយឡែកគិតត្រឹមថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ការអនុវត្តការងារបង្កបង្កើនផលស្រូវប្រាំងរបស់ប្រជាកសិករក្នុងខេត្ត សម្រេចបាន ២៨ ៧៤០ហិកតា ស្មើនិង ១៤០.២០% លើសផែនការគ្រោងទុក ២០ ៥០០ហិកតា។
បន្ទាប់មក លោករដ្ឋលេខាធិការ បានបន្តចុះពិនិត្យវឌ្ឍន្នភាព គម្រោងការងារសាងសង់ប្រឡាយដោះទឹក ទំនប់សណ្ដរ និងសំណង់សិល្បការ នៃប្រធារាសាស្រ្តវ៉ៃគោជំហាន២ (អាងទឹកកំពង់ជ្រៃ) ស្ថិតក្នុងឃុំស្វាយធំ ស្រុកស្វាយជ្រំផងដែរ ៕
ដោយ៖ សុថាន