ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ​ នៅព្រឹក​នេះ!

ចែករំលែក៖

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត នៅព្រឹកថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញ​ដឹកនាំ​ប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ។

សូមជម្រាបជូនថា​ ក្នុងដំណើរបំពេញទស្សនកិច្ចរយៈពេលមួយថ្ងៃនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ។ អញ្ជើញអមដំណើរសម្ដេចធិបតី និងលោកស្រីបណ្ឌិត រួមមាន៖ លោកឧបនាយក​រដ្ឋ​មន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តា​សោ​ភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ទេសរដ្ឋ​មន្ត្រី​​រដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗ នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំវិស័យឯកជននៃសភាពាណិជ្ជកម្ម​កម្ពុជា​ផងដែរ។

បេីតាមការ​បញ្ជាក់ពី​ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការនេះ សម្ដេច​ធិបតី និងលោកជំទាវបណ្ឌិត នឹងអញ្ជើញចូលក្រាបបង្គំគាល់ព្រះបាទ មហា វ៉ជីរ៉ាឡុងកន ព្រះវឺជីរ៉ាក់ក្លៅ​ចៅ​យូហួរ ព្រះមហាក្សត្រថៃ នៅព្រះបរមរាជវាំង។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏នឹងអញ្ជើញចូលជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយថ្នាក់ដឹកនាំ​ស្ថាប័ន​នីតិប្បញ្ញត្តិរួមមាន លោកសាស្ត្រាចារ្យ ផនភេត វិឈិតឆុល ឆៃ ប្រធានព្រឹទ្ធសភា និងលោក វ៉ាន់មូហាម៉ាត់ណ មៈថា ប្រធានរដ្ឋសភា។

សម្រាប់ជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក សេដ្ឋា ថាវីស៊ីន នឹងពិភាក្សាការងារលើកិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី និងពហុភាគី ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក។ ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រី​ទាំង​​​ពីរ ក៏នឹង​ធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួន។

ក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសថៃនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញថ្លែងសុន្ទរកថា​បើកវេទិកាធុរកិច្ចកម្ពុជា-ថៃផងដែរ។

ក្រសួងការបរទេសកម្ពុជា បានគូសរំលេចថា ដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី ទៅកាន់ប្រទេស​ថៃ នាពេលនេះនឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង​​ដ៏យូរអង្វែង និងចំណងមិត្តភាពជាប្រពៃណីរវាង​ប្រទេស​​ទាំងពីរស្របតាមស្មារតីនៃ «ការពង្រឹងភាពជាដៃគូដើម្បីសន្តិភាពនិងវិបុលភាព» ដែលផ្ដល់ផល​ប្រយោជន៍ ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងសម្រាប់សន្តិភាព ស្ថិរភាព និង​វិបុល​ភាព ក្នុងសហគមន៍អាស៊ាន និងអន្តរជាតិ។

សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋ​មន្ត្រី​ថៃ ទទួលបានការបោះឆ្នោតគាំទ្រពីសភាឱ្យធ្វើជានាយករដ្ឋមន្ត្រីក្នុងថ្ងៃតែមួយ គឺថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ បន្ទាប់ពីទទួលបានការគាំទ្រពីសភា មេដឹកនាំទាំងពីរ បានហៅទូរស័ព្ទរកគ្នាសម្តែងការ​អប​អរ​សាទរ និងជូនពរគ្នាភ្លាមៗផងដែរ។

ក្រោយឡើងកាន់តែតំណែងជានាយករដ្ឋមន្ត្រី មិនទាន់បានមួយខែផង ពោលគឺនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ​២០២៣ លោក សេដ្ឋា ថាវីស៊ីន បានជ្រើស​យក​ប្រទេសកម្ពុជា ដែលជាប្រទេភូមិផងរបងជាប់គ្នា បំពេញ​ទស្សនកិច្ចផ្លូវការ។ ដំណើរទស្សនកិច្ចនោះ គឺជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក​ក្នុង​ឋានៈ​ជា​នាយករដ្ឋមន្ត្រីថៃផងដែរ។

តាមរយៈដំណើរទស្សនកិច្ចនាពេលនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក សេដ្ឋា ថាវីស៊ីន បាន​ពិភាក្សា​បានផ្តោតជាសំខាន់​ទៅ​លើវិស័យគន្លឹះ ដោយរាប់ចាប់ពីវិស័យពាណិជ្ជកម្ម, វិនិយោគ, ទេស​ចរណ៍, ការអប់រំ, ការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ, កិច្ចការទូត, ទំនាក់ទំនងធុរកិច្ច, ទំនាក់ទំនងប្រជាជន និង​ប្រជាជន, ការតភ្ជាប់រវាងប្រទេសទាំងពីរ តាមផ្លូវអាកាស, ផ្លូវរថភ្លើង និង ផ្លូវថ្នល់, សេដ្ឋកិច្ចឌីជីថល និង​សេដ្ឋ​កិច្ចបៃតង, កិច្ចការពាក់ព័ន្ធនឹងអន្តោ​ប្រវេសន៍ រហូតដល់វិស័យសន្តិសុខឆ្លងដែននិង សន្តិសុខ​អន​ឡាញ។

សូមបញ្ជាក់ថា កម្ពុជា និងថៃ បានភ្ជាប់ទំនាក់ទំនងការទូតផ្លូវការនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៥០។ ទំនាក់ទំនងនេះ ត្រូវបានកាត់ផ្តាច់នៅឆ្នាំ១៩៦២ ហើយភ្ជាប់ទំនាក់ទំនងឡើងវិញនៅឆ្នាំ១៩៩១៕

ដោយ​៖ តារា​


ចែករំលែក៖