ខេត្តកំពង់ស្ពឺ៖ យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន៥នាក់បានស្លា.ប់ភ្លាៗនៅនឹងកន្លែងកើតហេតុចំណែក២នាក់ទៀតរងរបួសធ្ងន់បន្ទាប់ពីរថយន្តក្រឡាប់។
ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះកើតឡើងនៅលើផ្លូវល្បឿនលឿន(K ២០+៣០០)ត្រង់ចំណុចភូមិព្រៃរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង៦និង៤៤នាទីព្រឹកថ្ងៃទី៧ខែកុម្ភៈ ឆ្នាំ២០២៤។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក TOYOTA ALPHARD ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BD-6657 អ្នកបើកបរឈ្មោះ ញឹក ពិសី ភេទស្រី អាយុ៣៣ឆ្នាំ(ស្លាប់) មានអ្នករួមដំណើរជាមួយ ៦នាក់ (រួមដំណើរកម្សាន្ដជាលក្ខណៈគ្រួសារ)។
១-ឈ្នោះ ហេង កុសល ភេទប្រុស អាយុ៣៥ឆ្នាំ (របួសស្រាល) ២-ឈ្មោះ ញឹក តុលា ភេទស្រី អាយុ ៣៨ឆ្នាំ(ស្លាប់) ៣-ឈ្មោះ គឹម ឡៃណាត ភេទស្រី អាយុ៦៥ឆ្នាំ(ស្លាប់) ត្រូវជាម្តាយបង្កើត ៤- ឈ្មោះ គឹម ថាវី ភេទស្រី អាយុ៥៤ឆ្នាំ(ស្លាប់) ៥-ឈ្មោះ ទិត្យ ប៊ុនណា ភេទប្រុស អាយុ៦៦ឆ្នាំ(ស្លាប់) ត្រូវជាឪពុក ៦-ឈ្មោះ ហេង ពេជ្រពិសី ភេទស្រី អាយុ ១៣ឆ្នាំ (របួសធ្ងន់) អ្នកទាំងប្រាំពីរនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានបន្តទៀតថា រថយន្តខាងលើបានបើកបរពីទិសខាងកើតទៅទិសខាងលិច លុះមកដល់ចំណុចខាងលើបានរេចង្កូតបុករបាំងផ្លូវក្រឡាប់បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។
ក្រោយកើតហេតុមន្ត្រីជំនាញបានយកសពជនរងគ្រោះយកទៅរក្សាទុកនៅស្នាក់ការបញ្ជកំពង់ស្ពឺកើត (K២៦) ដើម្បីប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែកអ្នករបួសបានបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរភ្នំពេញ។
យោងតាមការបញ្ជាក់ពីមន្ត្រីជំនាញផ្នែកចរាចរណ៍ដែលចុះដល់កន្លែងកើតហេតុធ្វើការវាស់វែងបានអោយដឹងថា,មូលហេតុដែលនាំអោយកើតមានគ្រោះថ្នាក់ដ៏រន្ធត់នេះហើយបណ្តាលអោយមានអ្នកស្លាប់និងរបួសនោះគឺមកពីអ្នកបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នមកដល់ចំណុចផ្លូវកោងមិនបន្ថយល្បឿនទើបបណ្តាលអោយរថយន្តក្រឡាប់បែបនេះ៕
ដោយ៖ ចន្ទ លីហ្សា