ខេត្តកំពង់ឆ្នាំង ៖ ស្នងការនគរបាលខេត្តកំពង់ឆ្នាំងបានចេញសេចក្តីជូនដំណឹង៦ចំណុចដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង ដោយដាក់បំរាមមិនអោយប្រជាពលរដ្ឋ ដុតកាំជ្រួចនិងផាវក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិននិង វៀតណាម នោះឡើយ ។ ការចេញសេចក្តីជូនដំណឹងរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងនេះ ខណៈដែលបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាម ខិតជិតមកដល់ ។
បំរាមទាំង៦ចំណុចដែលបានដាក់ចេញនេះមាន ១ . ហាមផលិត ការធ្វើចរាចរណ៍ ទិញលក់ ចែកចាយ និងប្រើប្រាស់ផាវ កាំជ្រួច ឬឧបករណ៍ផ្សេងៗ ដែលបង្ករឲ្យមានសំឡេងផ្ទុះ ឆេះ ក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាម នាពេលខាងមុខ ។ ២. ហាមដាច់ខាតការដុតផាវ. ដុតកាំជ្រួច ឬឧបករណ៍ផ្សេងៗ ដែលបង្ករឲ្យមានសំឡេងផ្ទុះឆេះ នៅតាមកម្មវិធីផ្សេងៗ ក្នុងគេហដ្ឋាន ឬទីសាធារណៈ ជាហេតុបង្ករឲ្យមានការប៉ះពាល់ ដល់សន្តិសុខ សុវត្តិភាព និងសណ្តាប់ធ្នាប់សង្គម ។៣. ហាមដាច់ខាតការដាក់អាវុធ គ្រឿងផ្ទុះគ្រប់ប្រភេទតាមខ្លួន ឬមធ្យោបាយ ចូលរួមក្នុងពិធីផ្សេងៗ និងក្នុងទីសាធារណៈ ។ ៤. ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ក្នុងការប្រើប្រាស់ចរន្តអគ្គសនី ប្រេងឥន្ធនៈ ហ្គាស និងការដុតទៀន ធូប ឬសម្ភារៈផ្សេងៗទៀត ដែលតុបតែងលម្អរ សោភណ្ឌភាពនៅតាមមន្ទីរ អង្គភាព គេហដ្ឋាន ឬទីសាធារណៈ ដែលអាចបង្ករឲ្យមានអគ្គិភ័យកើតឡើង ។ ៥.ជនណាដែលមិនអនុវត្តតាមការជូនដំណឹងខាងលើ និងត្រវទទួលខុសត្រូវនៅចំពោះមុខច្បាប់ជាធរមាន និង ៦. សូមលោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តារួមគ្នារក្សានូវភាពស្ងៀមស្ងាត់ ដើម្បីភូមិ ឃុំ មានសុវត្តិភាព ។
ការដាក់បម្រាមរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងនេះ ក្នុងគោលបំណងរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង ទប់ស្កាត់ បង្ការ កុំឱ្យមានគ្រោះអគ្គិភ័យដែលអាចកើតឡើងដោយយថហេតុ ដែលកើតឡើងមកពីខ្វះការប្រុងប្រយ័ត្ន ។ ក្នុងសេចក្តីជូនដំណឹងនេះស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានអំពាវនាវអោយពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលអុជធូបទៀនដើម្បីសែននោះផងដែរ ៕
ដោយ៖ ចន្ថា