ខេត្តប៉ៃលិន៖ តាមប្រភពពីកន្លែងកើតហេតុបានរៀបរាប់ព័ត៌មានទៅសមត្តកិច្ចជំនាញនៃស្នងការដ្ឋានខេត្តថា នៅវេលាម៉ោង៤ និង១០នាទីទៀបភ្លឺថ្ងៃទី០៨ ខែ កុម្ភៈ ឆ្នាំ២០២៤មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តបុកម៉ូតូ ស្ថិតនៅលេីផ្លូវជាតិលេខ៥៧ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១០១-១០២ ក្នុងទិសដៅបញ្រ្ចាសទិសគ្នាពីកើតទៅលិច នៅចំណុច អង់តែន ០១៦ ភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ករណីនេះបណ្ដាលឱ្យមានមនុស្សស្លាប់ម្នាក់នៅនឹងកន្លែងកើតហេតុ និងអ្នកបើកបររថយន្តគ្មានរបួស ,ខូចខាតម៉ូតូ០១គ្រឿងកម្រិតធ្ងន់ និង ខូចខាតរថយន្ត ០១គ្រឿង កម្រិតមធ្យម។
នគរបាលជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តបានបន្តថា អ្នកបើកបររថយន្តបង្កឈ្មោះ ស៊ុំ រស្មី ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរលក់បាយ រស់នៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើកបររថយន្តម៉ាក TOYOTa TUNDRA ផលិតឆ្នាំ២០០៨ ពណ៌ ស ពាក់ផ្លាកលេខ បាត់ដំបង 2C-4795 ។
នគរបាលជំនាញបានបន្តថា អ្នកបើកបរម៉ូតូជាជនរងគ្រោះឈ្មោះ យ៉ុម ចាន់នី ភេទប្រុស អាយុ ៣១ ឆ្នាំ រស់នៅភូមិរថក្រោះឆេះ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាកឌ្រីមឆ្នាំ២០២៣ ពាក់ផ្លាកលេខ ត្បូងឃ្មុំ 1W-២១៤៧ ស្លាប់នៅនឹងកន្លែងកើតហេតុ (មិនពាក់មួកសុត្ថិភាព) ហើយសាកសពបានប្រគល់ឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
កត្តាបង្កឱ្យមានគ្រោះថ្នាក់បណ្តាលមកពីអ្នកបើកបររថយន្តមិនប្រកាន់ស្តាំ។
ក្រោយពីកើតហេតុ ម៉ូតូនិងរថយន្តសមត្តកិច្ចជំនាញយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ រង់ចាំការដោះស្រាយតាមនីតិវិធី៕
ដោយ៖ ស សារ៉េត