ភ្នំពេញ ៖ “…យើងខ្ញុំបានប្រឹងប្រែងស្ទើរភ្លេចពីខ្លួនឯង ដើម្បីសហគមន៍យើងខ្ញុំ។ ទោះបីលទ្ធផលយ៉ាងណាក្តី ក៏សកម្មភាពដែលយើងធ្វើតាមរយៈកម្មវិធីនេះ ទទួលបានផលជាផ្លែផ្កា ព្រមទាំងបានបណ្តុះទឹកចិត្ត ស្មារតី និងឆន្ទៈចូលរួមគ្រប់ៗគ្នា រួចស្រេចទៅហើយ។” នេះជាការលើកឡើងរបស់លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ: នៅថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០២៤។
លោករដ្ឋមន្ត្រីបានបានមានប្រសាសន៍ថា ៖ ថ្ងៃនេះជាថ្ងៃទី២ នៃការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ ហើយបេក្ខភាពទាំងអស់បានបន្តបង្ហាញចំណុចលេចធ្លោនៃភាពជាគំរូរបស់ខ្លួន ដើម្បីឆ្លើយតបគោលការណ៍វិនិច្ឆ័យរបស់គណៈកម្មការវាយតម្លៃ។ បេក្ខភាពជាច្រើនសុទ្ធតែបានបង្ហាញគុណប្រយោជន៍ និងឥទ្ធិពលជាវិជ្ជមានចេញពីការចូលរួមក្នុងកម្មវិធីនេះ លើសពីការប្រកួតប្រជែង។ ក្នុងនោះ បេក្ខភាពនៃអង្គភាពមួយ បានលើកឡើងថា “យើងខ្ញុំពិតជាមានកិត្តិយសណាស់។ […] យើងខ្ញុំបានប្រឹងប្រែងស្ទើរភ្លេចពីខ្លួនឯង ដើម្បីសហគមន៍យើងខ្ញុំ។ ទោះបីយើងមិនទាន់ ទទួលបាន ឬមិនទទួលបានលទ្ធផលជាជ័យលាភី ឬយ៉ាងណាក្តី ក៏សកម្មភាពដែលយើងធ្វើតាមរយៈកម្មវិធីនេះ ទទួលបានផលជាផ្លែផ្កា ព្រមទាំងបានបណ្តុះទឹកចិត្ត ស្មារតី និងឆន្ទៈចូលរួមគ្រប់ៗគ្នា រួចស្រេចទៅហើយ។”
លោករដ្ឋមន្ត្រីបញ្ជាក់ថា ៖ ដើម្បីក្លាយជាអង្គភាពផ្តល់សេវាសាធារណៈគំរូប្រចាំឆ្នាំ ដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាល អង្គភាពដែលចូលរួមប្រកួតប្រជែងទាំងអស់ត្រូវឆ្លងកាត់ការវាយតម្លៃពីគណៈកម្មការថ្នាក់ក្រុង-ស្រុក-ខណ្ឌ, ថ្នាក់រាជធានី-ខេត្ត, និងថ្នាក់ជាតិ។ សម្រាប់ថ្នាក់ជាតិបេក្ខភាពត្រូវឆ្លងកាត់ការវាយតម្លៃ ៣ដំណាក់កាល គឺ៖ ដំណាក់កាលបឋម,ដំណាក់កាលជ្រើសសម្រាំង និងដំណាក់កាលវាយតម្លៃសម្រេចចុងក្រោយ។
ការវាយតម្លៃនៃដំណាក់កាលនីមួយៗ ត្រូវផ្អែកលើលក្ខណៈវិនិច្ឆ័យចំនួន ៨ចំណុច រួមមាន៖ ១)ស្តង់ដាសេវាសាធារណៈ ២)ស្តង់ដាឬនិយាមនៃការផ្តល់សេវាតាមវិស័យ របស់អប់រំឬសុខាភិបាល ៣)ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅក្នុងអង្គភាព ៤)ការគ្រប់គ្រងនិងការអភិវឌ្ឍធនធានមនុស្សនៅក្នុងអង្គភាព ៥)ការរៀបចំនិងការកែលម្អបរិស្ថានអង្គភាព ៦)ទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ សហគមន៍ និងដៃគូរអភិវឌ្ឍន៍ ព្រមទាំងការចូលរួមវាយតម្លៃពីអ្នកប្រើប្រាស់សេវាសាធារណៈ ៧)ការដោះស្រាយបញ្ហាប្រឈមនានាជាមួយមន្រ្តី ប្រជាពលរដ្ឋ ឬសហគមន៍ ៨)ការផ្តួចផ្តើមគំនិតថ្មីៗ និងនវានុវត្តន៍ដើម្បីធ្វើឱ្យអង្គភាពដំណើរការកាន់តែប្រសើរ។
លោករដ្ឋមន្ត្រីសូមជម្រាបផងដែរថា អង្គភាពផ្តល់សេវាសាធារណៈគំរូទាំង ១៥អង្គភាព គឺជាអង្គភាពដែលលេចធ្លោ ឈានមកដល់វគ្គពិនិត្យនិងវាយតម្លៃសម្រេចចុងក្រោយ នៃការវាយតម្លៃថ្នាក់ជាតិ។ ការប្រកាសជ័យលាភី នឹងប្រព្រឹត្តទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ ៖ សិលា